ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកណ្តាលសរសើរស្នងការខេត្តកណ្តាលដឹកនាំបានល្អ និងបង្ក្រាបបទល្មើសធំៗបានដោយជោគជ័យ

ចែករំលែក៖

ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានសរសើរមិនដាច់ពីមាត់ចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដែលបានដឹកនាំកម្លាំងក្រោមឱវាទក្នុងអង្គភាពបានល្អ ជាពិសេសនោះបានចុះបង្ក្រាបដោយផ្ទាល់ករណីគ្រឿងញៀនដ៏កក្រើកនៅឃុំត្រើយស្លា ស្រុកស្អាង ដោយជនល្មើសមានកាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ចបានដោយជោគជ័យ និងករណីឃាតកម្មសម្លាប់ព្រះសង្ឃចៅអធិការវត្តចេតិយថ្មី នៅស្រុកពញាឮ បានដោយជោគជ័យបន្ថែមទៀត ។ នេះជាប្រសាសន៍របស់លោកអភិបាលខេត្តកណ្តាលក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្នងការ លោកស្នងការរង មេបញ្ជាការ លោកប្រធានពន្ធនាគារ និងមន្ត្រីជុំវិញខេត្តកណ្តាល ។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលប្រកបដោយភាពឈ្លាសវៃ និងការទទួលខុសត្រូវ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល អស់រយៈពេលជាច្រើនម៉ោងជាមួយនឹងការរងការបាញ់ប្រហារពីជនសង្ស័យជាមេខ្លោងគ្រឿងញៀនមកលើសមត្ថកិច្ច តែទីបំផុតនៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបឃាត់ខ្លួនជនសង្ស័យបានសម្រេច ។

ដោយឡែកករណីឃាតកម្មមួយទៀត ជនសង្ស័យបានចូលធ្វើគត់ ព្រះគ្រូចៅអធិការវត្តចេតិយថ្មី ព្រះនាម ជ័យ រិទ្ធ ហៅ លោកតា រ៉ន មានព្រះជន្មជាង៥០វស្សា កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ។ ករណីឃាតកម្មនេះបានកើតឡើងក្នុងវត្តចេតិយថ្មី ជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យទាំងពីរករណីខាងលើតុលាការសម្រេចធ្វើការឃុំខ្លួនដាក់ពន្ធនាគារខេត្តកណ្តាលជាបណ្តោះអាសន្នហើយ ៕

ដោយ៖ ឆ ដា


ចែករំលែក៖