ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថាន​បញ្ជាទិញវ៉ាក់សាំង​១,២លានដូសពីប្រទេសចិន

ចែករំលែក៖

រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ចំនួន ១,២លានដូសពីប្រទេសចិន ហើយក្រុមហ៊ុនផលិតឱសថចិននឹងផ្តល់ជូន​នៅត្រីមាសទី​១ឆ្នាំ​២០២១​នេះ។ តាមកិច្ចព្រមព្រៀង ប៉ាគីស្ថានបានចំណាយប្រាក់​ដល់ទៅ​១៥០លានដុល្លារសម្រាប់ទិញវ៉ាក់សាំង​។ កិច្ចព្រមព្រៀងទិញវ៉ាក់សាំងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនឱសថ Sinopharm របស់ចិនតាំងពីដើមខែធ្នូ។
រដ្ឋមន្ត្រី បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ប៉ាគីស្ថាន លោកChaudhry Fawad Hussain បានប្រកាសថា វ៉ាក់សាំងដែលទិញមកពីប្រទេសចិន នឹងចាក់ជូនពលរដ្ឋបាន​៥ភាគរយ​ដែលជាអ្នកងាយរងគ្រោះជាងគេ​ដោយកូវីដ​-១៩​។ បច្ចុប្បន្នចិនបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង​របស់ក្រុមហ៊ុន Sinopharm ជាផ្លូវការ​ ដោយវ៉ាក់សាំងនេះមានប្រសិទ្ធភាព ៧៩,៣ភាគរយ​។
កាលពីដើមខែធ្នូ រដ្ឋាភិបាលប៉ាគីស្ថានបានបង្កើតមូលនិធិដែលមានទឹកប្រាក់​១៥០លានដុល្លារដើម្បីទិញវ៉ាក់សាំង​ចាក់ជូនពលរដ្ឋងាយរងគ្រោះ​ដូចជាគ្រូពេទ្យនិងមនុស្សចាស់​។​ ប៉ុន្តែរដ្ឋាភិបាល មិនបានបញ្ជាក់ថាទិញវ៉ាក់សាំងពីប្រទេសណាឡើយ​ ទើបតែពេលនេះបានប្រកាសថាទិញពីប្រទេសចិន។​
បច្ចុប្បន្នប៉ាគីស្ថានស្ថិតនៅក្នុងដំណាក់កាលទីពីរនៃការឆ្លងរាលដាលកូវីដ-១៩ ។ គិតមកដល់ថ្ងៃទី​៣១ ខែធ្នូ ប៉ាគីស្ថានមានករណីស្លាប់ដោយកូវីដ​-១៩​ជាង​១ម៉ឺននាក់ហើយ។ ចំណែកអ្នកឆ្លងវិញគឺមានដល់ទៅ​ជាង​៤៧៩ពាន់នាក់ ឈរលំដាប់ទី​៧ ក្នុងតំបន់អាស៊ាន៕ដោយ៖ធី រីណា


ចែករំលែក៖