ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ បើយោងតាមសេចក្ដីប្រកាសព័ត៌មានពីគ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆ្នាំ២០២០ បានបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសចំនួនសរុប ៤០០,៨៨៩នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៨,៦៥៤,៨២៨ដុល្លារអាមេរិក ។
ជាក់ស្តែងសម្រាប់ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន ៥២,៥៤៣ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ១,១៦៩នាក់ ។
ដោយឡែកសម្រាប់ឆ្នាំ២០២០នេះដែរ គឺភ្ញៀវបរទេសដែលបាននទិញបណ្ណចូលទស្សនារមណីយអង្គរ គឺមានការថយចុះ ៨១.៨២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ។ សម្រាប់ចំណូលសរុប ១៨,៦៥៤,៨២៨ដុល្លារអាមេរិក គឺមានការថយចុះ ៨១.១៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៩កន្លងទៅ ។
គួរបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២០នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៨០១,៧៧៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា ៕
ដោយ៖សហការី