ភ្នំពេញ៖ នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ កម្ពុជាមានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។ នេះបេីតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ យើងទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦៩៧,០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ២,៦៥៨ នាក់»។
លេីសពីនេះទៅទៀត លោករដ្ឋមន្ត្រី បានបញ្ជាក់អំពីគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនដែលភ្ញៀវទេសចរបានទៅទស្សនា ក្នុងនោះរួមមាន៖
* រាជធានីភ្នំពេញ៖ ៥០០,១៦៦ នាក់
* ខេត្តព្រះសីហនុ៖ ៥១,៥៧០ នាក់
* ខេត្តកែប៖ ៥១,១៦៨ នាក់
* ខេត្តសៀមរាប៖ ២៥,២០៤ នាក់
* ខេត្តកំពត៖ ១៨,៨៧០ នាក់
* ខេត្តកំពង់ស្ពឺ៖ ១១,៧៨៧ នាក់
* ខេត្តបាត់ដំបង៖ ៦,៥៤០ នាក់
* ខេត្តកំពង់ចាម៖ ៦,៤៩៨ នាក់
* ខេត្តកោះកុង៖ ៣,១១៦ នាក់។
មិនតែប៉ុណ្ណោះលោក ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ឆ្នាំនេះខុសពីឆ្នាំមុន ពោលគឺមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្រ្តី និងការជួបជុំជាទ្រង់ទ្រាយធំដែលមានការរៀបចំ ជាកម្មវីធីនោះទេ។ ដោយឡែក ចំពោះរាជធានីភ្នំពេញ តាមការវាយតម្លៃបឋមរបស់អាជ្ញាធរមានប្រជាពលរដ្ឋប្រមាណជាង ៥០ ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេ មុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា និងវិមានឈ្នះ-ឈ្នះជាដើម។
លោករដ្ឋមន្រ្តី បន្តថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមួយចំនួន បានជ្រើសរើសដើរកម្សាន្តឆ្លងឆ្នាំនៅតាមគោលដៅទេសចរណ៍តាមរាជធានី-ខេត្ត ពិសេសគោលដៅសំខាន់ៗដូចបានជម្រាបជូនខាងលើ ខណៈបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋានឯកជន និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញទាំងអស់។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន ពិសេសនៅតាម Sky Bar នានា។
ដោយឡែកចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ទៀតសោត ក៏មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំ។ គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍។
គួរបញ្ជាក់ថា កន្លែងដែលមានការប្រមូលផ្តុំច្រើនមានដូចជា៖ តាមបណ្តោយទន្លេចតុមុខ និងផ្សាររាត្រី នៅរាជធានីភ្នំពេញ ក៏ដូចជាមណ្ឌលកម្សាន្ត Pub Street នៅក្រុងសៀមរាបជាដើម មានការចុះពិនិត្យ និងណែនាំដិតដល់ពីគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានបង្ហាញការជឿជាក់ថា បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនឹងបន្តដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានារហូតដល់ចុងសប្តាហ៍៕
ដោយ៖ស តារា