ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនបុកកម្មករទឹកកករងរបួសធ្ងន់ស្រាល០២នាក់ទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀងះ យ៉ាងហោចណាស់ ក៏មានបុរស២នាក់ដែរបានរងរបួសធ្ងន់និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកអ្នកដើរតាមផ្លូវស្របទិសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី០១ខែមករាឆ្នាំ២០២១ លើផ្លូវលេខ ១៣ ស្ថិតក្នុងភូមិថ្នល់កែង​ សង្កាត់ពោធិ៍តាហោ​ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា អ្នករបួសធ្ងន់មានឈ្មោះ ពេជ្រ សាវន  អាយុ ៤៤ ឆ្នាំ មុខរបរកម្មករ​រោងចក្រ​ទឹកកក រស់នៅភូមិ ដូង ឃុំដូង ស្រុករមាសហែក ខេត្ត ស្វាយរៀង។

ចំណែកអ្នកជិះម៉ូតូមានឈ្មោះសរ ភារូ អាយុ ២៩ឆ្នាំ មុខរបរជាងម៉ាសុីនត្រជាក់ រស់នៅភូមិតារាង​បាល់ សង្កាត់​ គយត្របែក ក្រុងស្វាយរៀង​ ។

តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ដែលជាកម្មកររោងចក្រទឹកកកបានដើរតាមផ្លូវពីកើតទៅលិចទាំងយប់តែម្នាក់ឯង ខណៈនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា BEAT ពណ៌សលាយខៀវ ពាក់ស្លាកលេខ ស្វាយរៀង​ ១K- ៨៥៧២ ក្នុងទិសដៅស្របគ្នាដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយអ្នកថ្មើរយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ក្រោយមកអ្នករបួសធ្ងន់ត្រូវដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ចំណែកម៉ូតូបង្កហេតុសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖