ខេត្តសៀមរាប៖ កម្លាំងនគរបាលក្រុងសៀមរាបស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យមួយក្រុម ពាក់ព័ន្ធករណីកាច់សោ.កលួចម៉ូតូដ៏សកម្ម៦នាក់ ជាបន្តបន្ទាប់ ហើយជនសង្ស័យបានសារភាពថា ម៉ូតូទាំងអស់ដែលគេលួចបាន គឺរូបគេបាននាំគ្នាយកទៅលក់នៅផ្សារឃ្លាំងរំសេវ នៅឯរាជធានីភ្នំពេញ ។
នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានចេញរបាយការណ៍ថា នៅចន្លោះម៉ោង០២រំលងអធ្រាត្រ រហូតដល់ម៉ោង០៤ទៀបភ្លឺថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ករណីលួចកាច់សោ.កម៉ូតូ ចំនួន២គ្រឿង ជាបន្តបន្ទាប់ នៅចំណុចភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចេញល្បាត ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយមានការចូលរួមផ្តល់ព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ យើងបានប្រទះឃើញ ជនសង្ស័យ៣នាក់ នាំគ្នាដើរបណ្តើរម៉ូតូ២គ្រឿងតាមផ្លូវ ពេលឃើញកម្លាំងល្បាតទៅដល់ ជនសង្ស័យ បាននាំគ្នាទុកម៉ូតូចោល ហើយនាំគ្នារត់គេចខ្លួន តែត្រូវបានកម្លាំងល្បាត និង បងប្អូនប្រជាពលរដ្ឋ ដេញតាមចាប់ជនសង្ស័យបានម្នាក់(ឈ្មោះ លី វណ្ណលីតា) ចំណោម០៣នាក់ យកមកធ្វើការសាកសួរនាំ និងដកហូតបានម៉ូតូចំនួន២គ្រឿង ។
នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានបញ្ជាក់ថា ម៉ូតូចំនួន២គ្រឿងដែលសមត្ថកិច្ចធ្វើការដកហូតបានរួមមាន ទី១-ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខសៀមរាប 1L-2371 លេខតួ/លេខម៉ាស៊ីន ៨៥០០៥៨៦ ។ ទី២-ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ សៀមរាប 1Z-4246 ។
បន្ទាប់ពីបាននាំខ្លួនជនសង្ស័យមកដល់អធិការដ្ឋាននគរបាលក្រុងសៀមរាប ភ្លាមៗកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយ វរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលព្រហ្មទណ្ឌបានធ្វើការសាកសួនាំ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា រូបគេមានឈ្មោះ លី វណ្ណលីតា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប និងបក្ខពួក ២នាក់ទៀត មានឈ្មោះ អាន បញ្ញា ឬ លី អានសុខបញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងឈ្មោះ ព្រំ សាក់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ ២គ្រឿង របស់ប្រជាពលរដ្ឋរងគ្រោះ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបពិតមែន។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទី១ និងដោយមានការឯកភាពនិងដឹកនាំបញ្ជារផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ យើងបានបន្តធ្វើការស្រាវជ្រាវ និងឈានដល់ការនាំខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀត មាន ឈ្មោះ អាន បញ្ញា និងឈ្មោះ ព្រំ សាក់ មកធ្វើការសួរនាំ ក្រោយពីការសួរនាំជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះទាំងពីរគ្រឿងខាងលើ ពិតប្រាកដមែន ហើយជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពបន្តទៀតថា កន្លងមកពួកគេធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូ នៅក្នុងក្រុងសៀមរាបជាច្រើនករណីផ្សេងទៀតមានដូចជា៖
-ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង០១ រំលងអធ្រាត្រ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ពួកគេបានធ្វើសកម្មភាពលួចម៉ូតូចំនួន ២ គ្រឿងគឺទុកនៅឯមុខផ្ទះ ដោយមិនបានចាក់សោសុវត្ថិភាពអ្វីទាំងអស់ ម៉ូតូ ទី១ -មានម៉ាក BAJAJ DOMINAR ពណ៍ខ្មៅស៊េរីឆ្នាំ ២០១៨ ផ្លាកលេខសៀមរាប 1AC-5417 និង១គ្រឿងទៀតម៉ាក Yamaha Fino ពណ៌ ស ស៊េរីឆ្នាំ ២០១២ ស្លាកលេខ សៀមរាប 1K-8847 របស់ជនរងគ្រោះឈ្មោះ Jayue well ភេទ ស្រី អាយុ ២៩ ឆ្នាំជនជាតិអាហ្វ្រិក ស្នាក់នៅផ្ទះជួលដាច់ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ដោយម៉ូតូទាំង២គ្រឿងនេះជនសង្ស័យឈ្មោះ អាន បញ្ញា បានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាពលួចជាមួយ ប្អូនស្រីបង្កើតរបស់គេឈ្មោះ លី វណ្ណលីតា និងប្រពន្ធរបស់គេឈ្មោះ នី ស្រីណា ភេទស្រី អាយុ ២០ឆ្នាំ ហើយជនសង្ស័យឈ្មោះ អាន បញ្ញា បានឆ្លើយសារភាពបន្តទៀតថា កន្លងមកបានឲ្យប្អូនប្រុសរបស់គេ ឈ្មោះ លី ឈិនឡុង អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានយកឡានរបស់គេមួយគ្រឿងម៉ាកតូយ៉ូតា HIGHLANDER ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០១ ដឹកម៉ូតូយកទៅលក់ នៅរាជធានីភ្នំពេញចំនួន ២លើក។
បន្ទាប់មកសមត្ថកិច្ចយើងបាននាំខ្លួនឈ្មោះ លី ឈិនឡុង មកសួរនាំ ជនសង្ស័យរូបនេះ បានឆ្លើយបដិសេធថា រូបគេពុំបានធ្វើសកម្មភាព ដូចអ្វីដែលជនសង្ស័យឈ្មោះ អាន បញ្ញា បានឆ្លើយចោទប្រកាន់នោះទេ។ ប៉ុន្តែយើងនៅតែបន្តឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយយោងតាមលទ្ធផលធ្វើតេស្តរកសាធាតុញៀន នូវក្នុងទឹកនោម គឺវិជ្ជមាន ។
បន្ទាប់មកទៀត នៅម៉ោង០៨និង៣០ នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងយើងបានឆែកឆេរបន្ទប់ជួល របស់ជនសង្ស័យឈ្មោះ អាន បញ្ញា រកឃើញវត្ថុតាងមួយចំនួននៅក្នុងបន្ទប់របស់គេរួមមាន៖
-កន្ត្រៃសម្រាប់កាត់ដេរ (ទំហំ៣៦អ៊ីង) ម៉ាក kingwa ពណ៌បៃតងចំនួន១ដើម -ញញួរដែក ដងជ័រពណ៌ខ្មៅចំនួន១ -ម៉ូទ័រសម្រាប់កាត់ដែក ធុនតូច ម៉ាកNIKATEC ពណ៌ស្លាទុំ-ខ្មៅ ចំនួន ១គ្រឿង -ទួណឺវីស ចំនួន៣ដើម ដែលមានផ្លែច្នៃ សម្រាប់កាច់សោ.ក ម៉ូតូ ចំនួន១ដើម ដែកឆាបដងជ័រ ពណ៌ផ្កាឈូកចំនួន១ដើម -ដងសោអក្សរT សោមាត់-ខ្សៀ ទំហំ១០មីលី្លម៉ែត្រ ១ដើម -ដង្កាប់ដងជ័រ ពណ៌ក្រហម-លឿង ១ -អាវម៉ូតូ ផ្នែកខាងស្ដាំ ពណ៌ខ្មៅ ចំនួន១ ជាអាវម៉ូតូរបស់ ម៉ូតូហុងដាឌ្រីម។ -ឧបករណ៍កែច្នៃសម្រាប់ ជក់គ្រឿងញៀនមួយចំនួនទៀត ។
ជនសង្ស័យឈ្មោះ អាន បញ្ញា ឬ លី អានសុខបញ្ញា បានឆ្លើយសារភាពបន្ថែមថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ម៉ោង០៤ទៀបភ្លឺ នៅត្រង់ចំណុច បុរីអង្គរផាលេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប រូបគេ និងប្រពន្ធឈ្មោះ នី ស្រីណា បានធ្វើសកម្មភាពលួចកាច់សោ.ក ម៉ូតូ បានម៉ូតូចំនួន២គ្រឿងរួមមាន១ម៉ាកហុងដា zoomer-x ពណ៌ស ស៊េរី២០២០ ពាក់ស្លាកលេខសៀមរាប1AG-3101 ទី២ ម៉ាកហុងដា scoopy ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខសៀមរាប 1V-4760 នៅចំណុចភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង- ខេត្តសៀមរាប ។ បន្ទាប់មកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ ម៉ោង០៣និង៤០នាទីទៀបភ្លឺ នៅត្រង់មុខបន្ទប់ជួលស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ឈ្មោះ អាន បញ្ញា ឬ លី អានសុខបញ្ញា និងប្អូនស្រីឈ្មោះ លី វណ្ណលីតា រួមទាំងឈ្មោះ ព្រំ សាក់ បាននាំគ្នាមកធ្វើសកម្មភាព លួចកាច់សោ ក ម៉ូតូបានចំនួន ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានកុងទ័រ ចំពោះម៉ូតូទាំងអស់ដែលគេលួចបាន គឺរូបគេបាននាំគ្នាយកទៅលក់នៅផ្សារឃ្លាំងរំសេវ នៅឯរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ