ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះថា ជំនួយម៉ាស់និងសម្ភារបរិក្ខាពេទ្យរបស់កម្ពុជា នឹងត្រូវដឹកតាមជើងយន្តហោះ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។
ក្រសួងសុខាភិបាល បញ្ជាក់បន្ថែមថា តំណាងកម្ពុជា ដែលដឹកនាំយកជំនួយនេះទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសនេប៉ាល់ គឺ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ ដើម្បីចូលរួមទប់ស្គាត់ជំងឺកូវីដ-១៩ នៅក្នុងតំបន់ បានផ្តល់ម៉ាស់ចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាស់ចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា និងផ្តល់ជំនួយម៉ាស់១លាន និងសម្ភារមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្តផងដែរ៕ដោយ៖ស តារា