ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ​-១៩៖ ឥណ្ឌាបង្កើនការចាក់វ៉ាក់សាំង​​ដល់ពលរដ្ឋ

ចែករំលែក៖

នៅថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១​​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា​លោក Harsh Vardhan បានឲ្យដឹងថា​ ប្រទេសនេះនឹងបង្កើនការចាក់វ៉ាក់សាំងដល់ពលរដ្ឋដោយអត់គិតថ្លៃ​នៅទូទាំងប្រទេស​មិនមែនតែនៅក្នុងទីក្រុងញូវដេលីនោះឡើយ​។
លោក​Harsh Vardhan ​បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ បានបញ្ជូនទៅដល់មន្ទីរពេទ្យក្នុងទីក្រុងនានាដើម្បីត្រៀមចាក់ជូនពលរដ្ឋ​។ នៅថ្ងៃទី​២ខែមករានេះ​ឥណ្ឌាចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋ​របស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​បានអំពាវនាវដល់ពលរដ្ឋ ត្រូវតែមានទំនុកចិត្តលើវ៉ាក់សាំង មិនត្រូវជឿតាមពាក្យចចាមអារ៉ាម ពីកម្រិតសុវត្ថិភាពនោះឡើយ។
រដ្ឋាភិបាលឥណ្ឌា​មានបំណងចាក់វ៉ាក់សាំងកូវីដ​-១៩​ជូនពលរដ្ឋ​ចាប់ពីដើមខែមករាឆ្នាំ​២០២១តទៅ។ រដ្ឋាភិបាលមានគម្រោង​ចាក់វ៉ាក់សាំងជូនពលរដ្ឋ​ឲ្យបាន​៣០០លាននាក់​ក្នុងរយៈពេលពី​៦-៨ខែខាងមុខ។
គិតមកដល់វេលាម៉ោង ៧ និង​៣០​នាទីថ្ងៃទី​២ខែមករាឆ្នាំ​២០២១ តាមគេហទំព័រ​ Worldometer ​នៅទូទាំងប្រទេសឥណ្ឌាមានចំនួនអ្នកឆ្លងដល់ទៅ 10.305.788 នាក់ ឈរលំដាប់ទីពីរបន្ទាប់ពីអាមេរិក និងមានអ្នកស្លាប់ដល់ទៅ​១៤៩.២១៨នាក់។
ឥណ្ឌាជាប្រទេសដែលរឹតត្បិតខ្លាំងបំផុតក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ​-១៩ ។ កម្លាំងសន្តិសុខឥណ្ឌា បានប្រើប្រាស់ រំពាត់វាយទៅលើអ្នកដែលបំពានច្បាប់​បម្រាមគោចរ​។ កម្លាំងសន្តិសុខយាមល្បាតបានពាក់មួកមានរូបកូវីដ​-១៩​ ដើម្បីឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន៕ដោយ៖ធី រីណា


ចែករំលែក៖