ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់បានហើយជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល ដោយជនសង្ស័យម្នាក់នេះជាអ្នកបើកឡាន ។
សមត្ថកិច្ចថ្លែងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ជាអ្នកបើកបររថយន្ត នៅចំណុចផ្ទះជួលជិតប៉ាឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
តាមចម្លើយសារភាពបឋមរបស់ឈ្មោះ កែ ចាន់មាន បានឱ្យដឹងថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។
ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើករថយន្តបុកគូទរថយន្តជនរងគ្រោះពីក្រោយ ។ បន្ទាប់មកជនរងគ្រោះ បានបើករថយន្កកាក់រថយន្តរបស់ខ្លួន និងបានយកកាំភ្លើងខ្លីភ្ជង់មកលើខ្លួនដើម្បីឱ្យអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឱ្យនៅស្ងៀម ចាំធ្វើតែតាមគេប្រាប់បានហើយ ។
ពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចរណ៍នេះ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើករថយន្តគេចពីកន្លែងកើតហេតុតែម្តង។
សូមបញ្ជាក់ថា អំពើបាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង១២៖០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៕ដោយ៖វណ្ណៈ