អន្តរជាតិ៖ បើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកជប៉ុន បាននិយាយថា អាជ្ញាធរជប៉ុន បានចាប់ឃាត់ខ្លួនបុរសជនជាតិជប៉ុន វ័យ២៩ឆ្នាំម្នាក់ នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បន្ទាប់លួចចូលរាជវាំង Akasaka ក្នុងទីក្រុងតូក្យូ ដែលជារាជដំណាក់អធិរាជ ណារូហ៊ីតុ និងរាជវង្សឯទៀតអស់រយៈពេលពីរម៉ោង។
បើតាមបណ្ដាញទូរទស្សន៍ Fuji News Network បានបញ្ជាក់ទៀតថា បុរសដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ បានលួចចូលរាជវាំងAkasaka ដែលជារាជដំណាក់អធិរាជជប៉ុន និងសមាជិករាជវង្សឯទៀតគង់នៅ តាមរយៈច្រកផ្ទះសំណាក់សម្រាប់ទទួលភ្ញៀវបរទេស។រាជវាំងAkasaka ត្រូវបានការពារយ៉ាងតឹងរ៉ឹង ព្រោះជាដំណាក់របស់អធិរាជផ្ទាល់។
ទូរទស្សន៍ខាងលើបញ្ជាក់ថា បុរសខាងលើ ដែលត្រូវបានរាយការណ៍ថា សំងំក្នុងបរិវេណរាជវាំងពីរម៉ោង ត្រូវបានចាប់ខ្លួនដោយឆ្មាំការពារនៅក្បែរដំណាក់ព្រះអង្គម្ចាស់ Yuriko ដែលជាត្រូវជាម្ចាស់មីងទួតរបស់អធិរាជ ណារូហ៊ីតុ ។ខណៈរូបគេបានលួចចូលពេលមិនមានអ្នកការពារនៅច្រកចូល។
ដោយឡែកបេីតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនមួយទៀត TBS News រាយការណ៍ដែរថា បុរសរូបនោះចង់ជួបសមាជិករាជវង្សទើបលួចចូលបែបនេះ។ មកទល់ពេលនេះ មិនមានរបាយការណ៍ថា រូបគេបានជួបសមាជិករាជវង្សអង្គណាមួយឬអត់ឡើយ ហើយសារព័ត៌មានជប៉ុនផ្សាយថាមិនមានអ្នករងរបួសអ្វីទេក្នុងហេតុការណ៍នេះ។
គួរបញ្ជាក់ដែរថា ការលួចចូល ឬប៉ុនប៉ងចូលរាជវាំងជប៉ុន មិនមែនជារឿងថ្មីឡើយ ដោយអ្នកប៉ុនប៉ងមានទាំងជនជាតិជប៉ុន និងជនបរទេសផង។កាលពីខែឧសភា ឆ្នាំ២០២០ បុរសជប៉ុនម្នាក់ក៏ត្រូវចាប់ខ្លួនក្រោយហែលឆ្លងគូទឹក ហើយផ្លោះកំពែងវាំងទីក្រុងតូក្យូ រួចចូលដល់បរិវេណហាមឃាត់ទៀតផង៕
ដោយ៖ស តារា(រូបភាព Visit Manato City)