នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ឥណ្ឌាបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតក្នុងប្រទេសឥណ្ឌាផ្ទាល់ ។
តាមសេចក្តីប្រកាសពីនាយកដ្ឋានគ្រប់គ្រងឱសថឥណ្ឌា(DCGI)បានឲ្យដឹងថា ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឈ្មោះ Covaxin ផលិតដោយក្រុមហ៊ុន Bharat Biotech របស់ឥណ្ឌា។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌាបានសរសើរដល់ ការខិតខំរបស់ក្រុមវិទ្យាសាស្ត្រវេជ្ជសាស្ត្រឥណ្ឌា ។ វ៉ាក់សាំង Covaxin ជាផលិតផលរបស់មជ្ឈមណ្ឌលស្រាវជ្រាវជាតិក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ការអនុម័តនោះគឺជាជោគជ័យយ៉ាងខ្លាំងរបស់រដ្ឋាភិបាលឥណ្ឌា។ ពេលនេះឥណ្ឌាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានវ៉ាក់សាំងប្រើប្រាស់ជាផ្លូវការ ដូចជា អាមេរិក រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់ ចិន ។
បច្ចុប្បន្នឥណ្ឌាទទួលបានការបញ្ជាទិញវ៉ាក់សាំងពី១០ប្រទេស ។ ក្រុមហ៊ុន Bharat Biotechបញ្ជាក់ថា បានសាកល្បងវ៉ាក់សាំង ដំណាក់កាលទី៣លើមនុស្ស ដែលជាដំណាក់កាលចុងក្រោយដល់ក្រុមអ្នកស្ម័គ្រចិត្ត២៣ពាន់នាក់តាំងពីដើមខែវិច្ឆិកាឆ្នាំ២០២០ ។ មកទល់ពេលនេះក្រុមហ៊ុនមិនទាន់ប្រកាសពីភាគរយនៃលទ្ធផលធ្វើតេស្តនៅឡើយទេ ប៉ុន្តែវ៉ាក់សាំងនោះមានប្រសិទ្ធភាពខ្ពស់ ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់។
កន្លងមករដ្ឋាភិបាលឥណ្ឌា បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ទិញមកពីក្រុមហ៊ុន AstraZeneca របស់ប្រទេសអង់គ្លេស។ ដូច្នេះមកទល់ពេលនេះឥណ្ឌាមានវ៉ាក់សាំងពីរប្រភេទប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ។ ឥណ្ឌាបានបញ្ជាទិញវ៉ាក់សាំង ចំនួន១ពាន់លានដូសពីក្រុមហ៊ុន AstraZeneca ៕
ដោយ៖ធី រីណា(រូបភាព៖Reuters)