អន្តរជាតិ៖ បេីតាមការលេីកឡេីងរបស់លោក ស៊ូហ្កា យូស៊ីហ៊ីដេ នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី៣ ខែមករា បានបញ្ជាក់ថា ប្រទេសចិនប្រហែលជាពិបាកក្នុងការក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ អះអាងថា ប្រព័ន្ធសេដ្ឋកិច្ចចិនដែលមានក្រុមហ៊ុនរដ្ឋច្រើន ជារឿងសំខាន់។
នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុក្នុងស្រុកនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ចិនប្រហែលជាពិបាកក្នុងការចូលរួមកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកមួយនេះ ព្រោះសម្បូរក្រុមហ៊ុនរដ្ឋពេក។ លោកស៊ូហ្កា បន្ថែមយ៉ាងដូច្នេះថា៖ «ប្រទេសដែលមានជំនួញមួយចំនួនគ្រប់គ្រងដោយរដ្ឋ នឹងជួបការលំបាក ក្នុងការចូលរួមជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក»។
ជាក់ស្តែងនៅក្នុងកិច្ចព្រមព្រៀង CPTPP នាយករដ្ឋមន្ត្រីជប៉ុន អះអាងថា មានបទបញ្ញត្តិដែលកំណត់យ៉ាងតឹងរ៉ឹងបំផុតសម្រាប់មុខជំនួញផ្សេងៗឲ្យគោរពតាម។ ប្រមុខរដ្ឋាភិបាលជប៉ុនរូបនេះ បានបន្តទៀតថា វាពិបាកណាស់ប្រសិនបើចិននៅតែបន្តរចនាសម្ព័ន្ធគ្រប់គ្រងជំនួញរបស់ខ្លួន ដូចពេលបច្ចុប្បន្ន។ នេះបេីតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។
សូមរម្លឹកថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានលើកឡើងពីគម្រោងរបស់ចិនក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP ។ គោលដៅរបស់ចិន គឺដើម្បីពង្រីកប្រព័ន្ធទីផ្សារផង និងពង្រឹងប្រព័ន្ធពហុភាគីនិយមផង ស្របពេលដែលប្រព័ន្ធឯកតោភាគីនិយម និងគាំពារនិយមកើនឡើងខ្លាំង។ ប៉ុន្តែជប៉ុនដែលជាភាគីមួយរបស់ CPTPP យល់ថាការចូលរួមរបស់ចិន ទំនងជាជួបបញ្ហា។
បេីមែនទែនទៅ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ជំនួញ ឬការរកស៊ី ដែលមានការជ្រៀកជ្រែកពីរដ្ឋាភិបាល ឬផ្តល់មូលនិធិជាសម្ងាត់ពីរដ្ឋាភិបាល ជាឧបសគ្គរាំងស្ទះដល់ការប្រកួតប្រជែងរវាងក្រុមហ៊ុនឯកជន និងក្រុមហ៊ុនឯកជន ហើយបង្កឲ្យមានការប្រកួតប្រជែងមិនស្មើភាពដែលម្ខាងមានធនធានច្រើនជាងម្ខាងទៀត ដែលអាចបន្តរកស៊ីដោយមិនភ័យបារម្ភនោះ។
គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ ២០១៨ កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក ត្រូវបានធ្វើវិសោធនកម្មទៅជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក បន្ទាប់ពីការដើរចេញរបស់អាមេរិក។ ក្នុងកិច្ចព្រមព្រៀងនេះ ប្រទេសជាសមាជិកមានចំនួន ១១ប្រទេស ដូចជា អូស្ត្រាលី, ព្រុយណេ, កាណាដា, ស៊ីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកស៊ិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី និងវៀតណាម៕ដោយ៖ស តារា
(រូបភាព៖Reuters )