ភ្នំពេញ៖ ប្រជាពលរដ្ឋអ្នកជិះម៉ូតូនិងរថយន្ត ហាក់ដូចជាមិនសប្បាយចិត្តនឹងថ្នាំងថ្នាក់ ចំពោះក្រុមមន្ត្រីនគរបាលចរាចរណ៍ ដែលអនុវត្តច្បាប់ចរាចរណ៍នៅលើផ្លូវជាតិលេខ៣ចំណុចម្ដុំវត្តស្លែង ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌ ដង្កោ និងនៅចំណុចបណ្ដោយផ្លូវ ២០០៤ កែងផ្លូវណត ប្រ៊ីដស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ក្រុមមន្ត្រីទាំងពីរគោលដៅនេះរងការរិះគន់ថា អនុវត្តច្បាប់ហាក់ដូចជាលើសពីអ្វីដែលជាគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋបានផ្ញើរវីដេអូ អំពីសកម្មភាពនៃការអនុវត្តច្បាប់របស់ក្រុមមន្ត្រីទាំងពីរគោលដៅនេះ បង្ហាញឲ្យឃើញថា មានការចុះហាមឃាត់រថយន្តដែលកំពុងធ្វើចរាចរណ៍ដែលគ្មានកំហុស។ ក្រុមមន្ត្រីជាច្រើននាក់ បានចេញស្ទាក់ឃាត់រថយន្តដែលកំពុងធ្វើដំណើរតាមដងផ្លូវដោយទារ រកនេះ,រកនោះ..សព្វបែបយ៉ាង…ដែលប្រការនេះបង្កឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់យ៉ាងខ្លាំងចំពោះការអនុវត្តច្បាប់នេះ។
ទាំងនៅចំណុចផ្លូវ២០០៤ ក៏ដូចជានៅលើផ្លូវជាតិលេខ ៣ ក្រុមមន្ត្រីនគរបាលចរាចរណ៍ ហាក់ដូចជាអនុវត្តលើសទៅនឹងអ្វី ដែលជាការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានណែនាំថា ប្រសិនបើរថយន្តឬម៉ូតូដែលកំពុងបើកបរ នៅលើដងផ្លូវគ្មានកំហុសទេនោះគឺមិនអាចឃាត់មកសួរនាំបានឡើយ។ ប៉ុន្តែក្រុមមន្ត្រីនគរបាលទាំងពីរគោលដៅនេះ ត្រូវបានប្រជាពលរដ្ឋកត់សម្គាល់ឃើញថា ចេញប្រតិបត្តិការប្រសេកប្រសាចទាំងហ្វូងឃាត់រថយន្តដែលកំពុងបើកបរដោយ មិនមានកំហុសឬល្មើសច្បាប់ចរាចរណ៍អ្វីឡើយ។
ចំណុចនេះគួរតែមានការកែប្រែ ពីព្រោះគេសង្កេតឃើញថា ការស្ទាក់ឃាត់រថយន្តដែលកំពុងធ្វើដំណើរដោយមិនល្មើសច្បាប់ចរាចរណ៍ ហើយសួរនាំ រកនេះ,រកនោះ រកឯកសារផ្សេងៗ..ក្រៅតែពីបង្កឲ្យមានការកកស្ទះចរាចរណ៍ នៅលើដងផ្លូវនោះ ក៏ជាមូលហេតុដែលនាំឲ្យ មានការ យឺតយ៉ាវពេលវេលានិងនាំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅលើដងផ្លូវនោះដែរ។ ដូច្នេះសូមស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ពិនិត្យមើលករណីគោលដៅទាំងពីរនេះថា តើសមស្របដែរឬទេ។
ពាក់ព័ន្ធករណីខាងលើនេះអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅលោក ខាន់ សារឿន នាយផ្នែកនគរបាលចរាចរណ៍ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដើម្បីសុំការពន្យល់ ប៉ុន្តែគ្រាន់តែឮ អ្នកសារព័ត៌មានលោកឆ្លើយថា លោករវល់ការពារក្បួន រួចក៏ចុចបិទទូរស័ព្ទ។
ចំណែកលោកសំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញប្រាប់ថា លោកជាប់ប្រជុំ ឲ្យសួរទៅខាងជំនាញ។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យក្រសួងមហាផ្ទៃ អង្គភាពយើងមិនអាចទំនាក់ទំនងបានទេនៅព្រឹកថ្ងៃដដែលដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល ៕
ដោយ៖ ចន្ទ លីហ្សា