ព័ត៌មានទាន់ហេតុការណ៍៖

ឃើញជនរងគ្រោះទៅផឹកស៊ីផ្ទះមនុស្សស្រីដែលខ្លួនស្រលាញ់ ប្រច័ណ្ឌទាញញញួរវាយក្បាលរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ព្រោះតែភ្លើងប្រច័ណ្ឌធ្វើឱ្យបុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ហើយបុរសម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ ខណៈដែលបុរសទាំងពីរនាក់ខាងលើស្រលាញ់មនុស្សស្រីតែម្នាក់ ហើយក៏ កើតទៅជារឿងប្រច័ណ្ឌទាញញញួរវាយក្បាលរងរបួស ព្រោះឃើញផឹកស៊ីជាមួយគ្នា។

ករណីនេះ កើតចេញពីរឿងប្រច័ណ្ឌនេះបានកើតឡើងកាលពីយប់ថ្ងៃថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ឈ្មោះប៊ិន សារ៉េត ស្ថិតក្នុងភូមិឃ្លៃចាស់ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានជនសង្ស័យឈ្មោះ ខែម សុគុន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិព្រៃអិដ្ឋ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពប្រើញញួរ វាយទៅលើជនរងគ្រោះដែលមានឈ្មោះ ង៉េន ផាន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិភូមិព្រៃខ្លា ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំនួន០២ ញញួរ ត្រូវចំក្បាល និងដៃ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិដឹកបញ្ជូនយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ក្រោយពីធ្វើសកម្មភាពវាយជនរងគ្រោះរងរបួសរួចជនសង្ស័យដៃដល់ ឈ្មោះ(ខែម សុគុន) បានដើរគេចខ្លួនបាត់ទៅ ។

នគរបាលស្រុកបសេដ្ឋដដែលបានបន្តថា លុះដល់វេលាម៉ោង៨និង៣០ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះសើ ស្រីមុំ ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ(ង៉េន ផាន) បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិចំរើន ដើម្បីឱ្យនគរបាលជួយអន្តរាគមន៍។  ក្រោយពីទទួលបានពាក្យបណ្តឹងរួចកម្លាំងជំនាញព្រហ្មទណ្ឌស្រុក ក៏បានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ កសាងសំណុំរឿង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ។ ហើយក៏បាននាំខ្លួនជនសង្ស័យដែលមានឈ្មោះ (ខែម សុគុន) រួមទាំងវត្ថុតាង(ញញួរ)មួយផងដែរ យកទៅសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

មន្ត្រីនគរបាលស្រុកបសេដ្ឋបានបន្ថែមថា តាមចម្លើយរបស់ជនសង្ស័យដៃដល់ឈ្មោះ (ខែម សុគុន) បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើញញួរ វាយទៅលើជនរងគ្រោះឈ្មោះ (ង៉េន ផាន) ប្រាកដមែន ។ មូលហេតុដែលរូបគេធ្វើបែបនោះគឺ ដោយសារតែ ខឹងជនរងគ្រោះឈ្មោះ (ង៉េន ផាន) មកផឹកស៊ីនៅផ្ទះឈ្មោះប៊ិន សារ៉េត ក៏កើតជារឿងភ្លើងប្រច័ណ្ឌ ស្រឡាញ់ស្រីមួយពីរនាក់(ប៊ិន សារ៉េត) ទើបមានហិង្សាកើតឡើងតែម្ដង។ ណាមួយជនដៃដល់ជាមនុស្សកាចសាហាវ ទប់កំហឹងមិនជាប់ក៏កើតរឿងតែម្តង។

ក្រោយឃាត់ខ្លួនជនដៃដល់ រួមជាមួយវត្តុតាង នគរបាលបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖