ទីក្រុង Tel Aviv បានបើកការវាយប្រហារជាមុនលើតំបន់ Gaza Strip ដោយសារតែវាបានរកឃើញសញ្ញាថា ក្រុម Hamas គ្រោងនឹងវាយប្រហារលើទឹកដីអុីស្រាអែល និងកងកម្លាំងដែលដាក់ពង្រាយនៅតំបន់ Gaza។
កងកម្លាំងការពារអុីស្រាអែល (IDF) ថ្ងៃនេះបានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសទ្រង់ទ្រាយធំមួយប្រឆាំងនឹងគោលដៅជាបន្តបន្ទាប់របស់ក្រុមប្រដាប់អាវុធហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបានសម្របសម្រួលជាមួយទីភ្នាក់ងារសន្តិសុខអុីស្រាអែល ដើម្បីវាយប្រហារទីតាំងរបស់កងកម្លាំងនេះនៅក្នុងតំបន់។
ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា បាននិយាយនៅថ្ងៃអង្គារ ទី១៨ ខែមីនាថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ១០០នាក់ និង១៥០នាក់ផ្សេងទៀតរងរបួស។
តាមក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន មនុស្សយ៉ាងហោច១០០នាក់ ក្នុងនោះរួមមានទាំងកុមារជាច្រើននាក់ រួមទាំងមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ហាម៉ាស លោក Mahmoud Abu Watfa ត្រូវបានសម្លាប់ និងជាង ១៥០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោច ៣៥លើករបស់អ៉ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា។ ការវាយប្រហារត្រូវបានរាយការណ៍នៅតាមទីតាំងជាច្រើនកន្លែងរួមមាន ភាគខាងជើងតំបន់ហ្កាហ្សា ទីក្រុងហ្កាហ្សា ព្រមទាំងទីក្រុង Deir al-Balah, Khan Younis និងទីក្រុង Rafah ក្នុងភាគកណ្ដាល និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា។
យោធាអ៉ីស្រាអែល នៅថ្ងៃអង្គារនេះដែរ បានប្រកាសថា ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង។ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលវិញ ក៏បានបញ្ជាក់ដែរថាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានចេញបញ្ជាឱ្យយោធាអ៉ីស្រាអែលចាត់វិធានការសកម្មភាពដ៏ខ្លាំងក្លាប្រឆាំងក្រុមហាម៉ាស ជាការឆ្លើយតប ទៅនឹងការបដិសេធរបស់ក្រុមមួយនេះចំពោះការដោះលែងចំណាប់ខ្មាំង និងបានច្រានចោលរាល់សំណើបទឈប់បាញ់ទាំងអស់។ «ចាប់ពីឥលូវនេះទៅ អ៉ីស្រាអែលនឹងធ្វើសកម្មភាពប្រឆំាងហាម៉ាស ជាមួយការបង្កើន អំណាចយោធា»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យលោក Netanyahu ដោយបន្ថែមថាការវាយប្រហារអាចនឹងបន្តធ្វើឡើងក្នុងករណីចាំបាច់។
ក្រោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល មន្ត្រីហាម៉ាស លោក Basem Naim បានចោទអ៉ីស្រាអែលថាបានបិទបញ្ចប់បទឈប់បាញ់ដោយឯកតោភាគី ដែលនេះនឹងធ្វើឱ្យចំណាប់ខ្មាំងក្នុងតំបន់ហ្កាហ្សា ស្ថិតក្នុងហានិភ័យនៃជោគវាសនាមិនច្បាស់លាស់៕
ដោយ៖ ធីរីណា(រូបថត៖ Tol)