ព័ត៌មានទាន់ហេតុការណ៍៖

វឌ្ឍនភាពនៃការសាងសង់ស្ថានីយបូមទឹកលូ៥ សម្រេចបាន ៧៥% នៃគម្រោង​ទាំងមូល​ គិតត្រឹមថ្ងៃទី១៧ ខែមីនាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​ បានឱ្យដឹង​នៅព្រឹកថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ​២០២៥នេះថា៖​ សកម្មភាពសាងសង់ស្ថានីយបូមទឹកលូ៥ ដោយបំពាក់ បន្ថែមម៉ូទ័របូមទឹកខ្នាតធំ ទំហំមុខកាត់១.៥ម៉ែត្រចំនួន ២គ្រឿង និងទំហំមុខកាត់ ១ម៉ែត្រ ចំនួន១គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ស្ថានីយ៍បូមទឹកនេះ នឹងកាត់បន្ថយការជនលិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។

គម្រោងសាងសង់ស្ថានីយបូមទឹកលូ៥ បានចាប់ផ្តើមបើកការដ្ឋាន សាងសង់នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

វឌ្ឍនភាពនៃការសាងសង់គម្រោងទាំងមូល គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២៥ សម្រេចបាន ៧៥% នៃគម្រោង៕

ដោយ​៖ តារា​


ចែករំលែក៖