ខេត្ពព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ លោកជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមស្រុកព្រៃនប់ សរុបចំនួន ៣៥៧គ្រួសារ។ ពិធីចែកអំណោយនេះបានរៀបចំនៅក្នុងបរិវេណវត្តទឹកល្អក់ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកអភិបាលស្រុកនិងមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានរាយការណ៍ពីសកម្មភាពប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣ឃុំ ក្នុងនោះមាន ឃុំជើងគោ១ខ្នងផ្ទះ ឃុំទឹកល្អក់៧០ខ្នងផ្ទះ និងឃុំទឹកថ្លា ១៥២ខ្នងផ្ទះ។ ដោយសារតែតំបន់នេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ តែងតែទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ជារៀងរាល់ឆ្នាំ គ្រាន់តែរងគ្រោះតិច ឬច្រើនតាមស្ថានភាពអាកាសធាតុ។
លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីចុងខែធ្នូ និងដើមខែមករា ឆ្នាំ២០២១នេះ ព្រមទាំងបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនមានប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោក គួច ចំរើន បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងកាកបាទក្រហមបានធ្វើសកម្មភាពជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ មានការខូចខាតតិច អ្នកខ្លះខូចខាតច្រើន រដ្ឋបាលខេត្តនឹងបន្តដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លោក គួច ចំរើន បន្តទៀតថា មានប្រទេសប្រមាណជា២៩ប្រទេស បានចាប់ផ្តើមចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋរៀងៗខ្លួន ហើយថ្មីៗនេះជំងឺកូវីដប្រភេទថ្មីបានកើតនៅប្រទេសអង់គ្លេសថែមទៀត។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជារបស់យើងបានធ្វើការគ្រប់គ្រងព្រឹត្តិការណ៍៣វិច្ឆិកា និង២៨វិច្ឆិកាបានយ៉ាងល្អ តែថ្មីៗនេះក៏មានការផ្ទុះឡើងនូវការឆ្លងនៅក្នុងសហគមន៍នៅក្នុងខេត្តសមុទ្រ សាខន ប្រទេសថៃ ដែលជាការព្រួយបារម្ភសម្រាប់ពលករកម្ពុជាដែលធ្វើការនៅទីនោះ។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដោយរៀបចំដឹកជញ្ជូន និងធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃផងដែរ។
លោក គួច ចំរើន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវផ្លាស់ប្ដូរទម្លាប់មកអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់ កុលឱ្យបានញឹកញាប់ បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីធានាថា សហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩។
លោក គួច ចំរើន បានសំណូមពរប្រជាពលរដ្ឋកុំឱ្យជឿឃោសនារបស់ក្រុមក្រៅច្បាប់ ដែលបានឃោសនាឱ្យប្រជាពលរដ្ឋត្រៀមទទួលពួកគេដែលវិលត្រឡប់មកប្រទេសកម្ពុជា នេះជាសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ ព្រោះអ្នកទាំងនោះ ជាអ្នកមានទោសតាមសាលដីកាតុលាការរាជធានី ខេត្ត ប្រសិនបើពួកគាត់ចូលមកកម្ពុជា ត្រូវជួបបញ្ហាប្រឈមពីរ៖
ទី១.គឺត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ ជាមុនសិន
ទី២.អនុវត្តវិធានការច្បាប់ (ជនមានទោស) ពីបទញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលប្តេជ្ញាការពារសន្តិភាព ព្រោះកម្ពុជាមានការឈឺចាប់ដោយសារសង្គ្រាម និងការបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ចជាតិជាយូរឆ្នាំមកហើយ ។
អំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២២៣គ្រួសារ មកពី៣ឃុំ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមស្រុកព្រៃនប់ ចំនួន១៣៣នាក់ សរុប ៣៥៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ តង់មួយ កន្ទេល១ ទឹកសុទ្ធ១កេស ឃិីតមួយកញ្ចប់ (ក្រមា១ មុង១ ភួយ១ សារុង១) និងថវិកា ៥០,០០០រៀល។ ដោយឡែកក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហម ១៣៣នាក់មិនបានទទួលតង់ទេ ៕ឆ្លាម សមុទ្រ