ភ្នំពេញ៖ ជនសង្ស័យបីនាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេច ហើយពេលកំពុងជិះរត់គេចខ្លួនក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកអន្តរាគមន៍ដែលល្បាតតាមផ្លូវដេញតាមឃាត់ខ្លួនបានម្នាក់និង២នាក់ទៀតរត់គេចខ្លួនបាត់ ស្រមោល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចក្រុមហ៊ុន រ៉ាយស៍ នែតជ្រល ឌីវេឡុបមិន តាមផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ វា គីមហុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ហើយជាមួយគ្នានោះក៏ដក
ហូតបានម៉ូតូរបស់ជនសង្ស័យមួយគ្រឿងដែលសម្រាប់ជិះធ្វើសកម្មភាពម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IN-4827 ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ជួន ណៃពុធ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។ ម៉ូតូដែលបាត់បង់ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FN-5732 ។
បេីតាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនកេីតហេតុរូបគាត់កំពុងធ្វើការនៅក្នុងក្រុមហ៊ុនហើយក៏បានក្រឡេកមើលទៅតាមកាមេរ៉ាសុវត្ថិភាពក៏ប្រទះឃើញជនសង្ស័យមានគ្នា៣នាក់កំពុងធ្វើសកម្មភាពកាច់សោ.កម៉ូតូទាញចេញទៅក្រៅដើម្បីជិះរត់គេចខ្លួន គាត់ក៏រត់ចេញមកក្រៅស្រែកថាចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង ព្រមទាំងគាប់ជួនកម្លាំងសមត្ថកិច្ចកំពុងល្បាតឃេីញក៏ជិះដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅត្រង់ចំណុចផ្សារមុខវត្តពោធិញាណនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី២ ដើម្បីធ្វើការសាកសួរ ចំណែកបក្ខពួកពីរនាក់ទៀតរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ននេះ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពុនទី២កំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖ ភារ៉ា ដង្កោ