ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានសម្រេចបើកព្រំដែនអាកាស ដែនគោក និងដែនទឹកជាមួយប្រទេសកាតារឡើងវិញ ។ សកម្មភាពខាងលើកើតឡើងមុនកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការ តំបន់ឈូងសមុទ្រ(GCC)ដែលរៀបចំឡើងក្នុងទីក្រុងAl-Ula ប្រទេស អារ៉ាប៊ី សាអ៊ូឌីត នាថ្ងៃទី៥ខែមករាឆ្នាំ២០២១។
អ្នកសារព័ត៌មាន TTXVN ប្រចាំតំបន់មជ្ឈិមបូព៌ា បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសគុយវ៉ែតលោក Ahmad Nasser Al-Sabah នៅថ្ងៃទី៤ខែមករា ឆ្នាំ២០២១បានប្រកាសថា អារ៉ាប៊ីសាអ៊ូឌីត បានបើកដែនអាកាស ដែនទឹកនិងដែនគោកជាមួយប្រទេសកាតារចាប់ពីថ្ងៃទី៤ខែមករាឆ្នាំ២០២១។ ការបើកព្រំដែនទាំងស្រុងឡើងវិញគឺមុនមួយថ្ងៃនៃកិច្ចប្រជុំបណ្តាប្រទេសឈូងសមុទ្រ(GCC) ធ្វើឡើងក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត។
រដ្ឋមន្ត្រីការបរទេសគុយវ៉ែតបានលើកឡើងថា តាមសំណើរបស់ព្រះមហាក្សត្រគុយវ៉ែត ព្រះចៅNawaf Al-Ahmed Al-Jaber ប្រទេសអារ៉ាប៊ី សាអ៊ូឌីតបានសម្រេចបើកព្រំដែនទាំងស្រុងឡើងវិញជាមួយកាតារ តាមកិច្ចព្រមព្រៀងដើម្បីដោះស្រាយវិវាទនយោបាយ ប្រទេសក្នុងតំបន់។
ព្រំដែនគោកតែមួយគត់របស់ប្រទេសកាតារត្រូវបានបិទទ្វារតាំងពីឆ្នាំ២០១៧ ក្រោយពេល អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និង អារ៉ាប់រួម ព្រមទាំងបារ៉ែន បានចោទប្រកាន់ប្រទេសកាតារគាំទ្រក្រុមភេរវកម្មអ៊ិស្លាម និងជួយដល់ប្រទេសអុីរ៉ង់។
ជាមួយគ្នានោះប្រទេសគុយវ៉ែតដើរតួនាទីជាអាជ្ញាកណ្តាល បានខិតខំដើម្បីផ្សះផ្សាទំនាក់ទំនងភាគីទាំងសងខាងឲ្យកាន់តែប្រសើរឡើងវិញ។ ការសម្រេចបើកព្រំដែន គឺជាការបើកផ្លូវសម្រាប់ប្រទេសកាតារចូលរួមក្នុងកិច្ចប្រជុំ GCC នៅថ្ងៃទី៥ខែមករាឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ី សាអ៊ូឌីតបានដកស្រង់ព្រះបន្ទូលរបស់ ព្រះរជ្ជទាយាទ Mohammed bin Salman ដែលមានព្រះបន្ទូលថាកិច្ចប្រជុំGCC គឺគ្របដណ្តប់លើគ្រប់បញ្ហា ក្នុងនោះមានការឯកភាព សាមគ្គីភាពប្រទេសក្នុងតំបន់ដើម្បីទប់ស្កាត់ឧបសគ្គដែលអាចកើតឡើងក្នុងតំបន់៕
ដោយ៖ធី រីណា(រូបភាព៖Shutterstock)