ខេត្តកណ្ដាល៖ នៅមុននេះបន្តិច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់អង្គភាព នគរវត្ត ឲ្យដឹងថា, នៅម៉ោង ២ រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ នឹងបញ្ជូនជនសង្ស័យជាមេយោធាផ្កាយ១ ទៅកាន់អយ្យការចាត់ការបន្តតាមនីតិវិធី។ លោកស្នងការបន្តថា, ជនសង្ស័យទើបខាងមន្ត្រីនគរបាលយុត្តិធម៌ស្រុកអង្គស្នួលនាំខ្លួនមកដល់ស្នងការដ្ឋាននគរបាលខេត្តព្រឹកមិញ ហើយដើម្បីបន្តនីតិវិធី លោកនឹងឲ្យសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យខាងលើនេះទៅកាន់អយ្យការ នៃសាលាដំបូងខេត្តកណ្ដាល។
សូមបញ្ជាក់ថា, បើយោងតាមរបាយការណ៍របស់នគរបាលខេត្តកណ្ដាលបានបញ្ជាក់យ៉ាងដូច្នេះថា, នាថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ គឺមាន ករណី៖ ហិង្សាដោយចេតនា(ប្រើអាវុធខ្លី) កើតឡើង នៅវេលាម៉ោង១២ នឹង៣០នាទី ចំណុចភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះ ហេង គាហុង ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង (គ្លីនិចឯកជន) នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) (យោធា),ជាឧត្តមសេនីយ៍ត្រី បម្រើការងារនៅអយ្យការយោធា។
លោកផ្កាយ១ដ៏កំណាចនេះ បានយកកាំភ្លើងអាម៉េបញ្ចូលគ្រាប់ និងវៃទៅជនរងគ្រោះរហូតដួលសន្លប់ក្នុងថ្លុកឈាម។
សមត្ថកិច្ចបានអះអាងថា, ផលប៉ះពាល់ គឺរបួសបែកក្បាលផ្នែកខាងឆ្វេង លេីត្រចៀក ១កន្លែង ដេរ០៣ថ្នេរ។
ដោយឡែកវត្ថុតាងចាប់យកពីជនដៃដល់ ដ៏ឃោរឃៅខាងលើរួមមាន, អាវុធខ្លីមួយដើមម៉ាកCF98 លេខ006009 មានបង់ចំនួនមួយ និង គ្រាប់ចំនួនមួយ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា, នៅមុនពេលកើតហេតុថ្ងៃទី០២ ខែមករាឆ្នាំ២០២១ វេលាម៉ោង០៦ល្ងាច ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិច សុខ ម៉េង (កន្លែងកេីតហេតុ)។ នៅពេលយាមម៉ោងប្រហែលប្រាំទាបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរជនរងគ្រោះថាពូសន្តិសុខយាមនៅនឹងរាល់ថ្ងៃទៅណាហើយ ជនរងគ្រោះឆ្លើយថាគាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ពេលនោះមនុស្សប្រុសម្នាក់នោះបានខ្ចីលុយពីជនរងគ្រោះចំនួនបីពាន់រៀល(៣០០០រៀល) ជនរងគ្រោះក៏ឲ្យលុយខ្ចីចំនួនបីពាន់រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។ លុះដល់ម៉ោង០៦ព្រឹកទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ។
-ដល់ថ្ងៃទី០៣ខែមករាឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជេីងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិចរបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថាបងប្អូនអ្នកជម្ងឺយកពាក់សិនទើបមិនរក។ រហូតដល់ម៉ោងប្រាំបីយប់ថ្ងៃទី០៣ខែមករាឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និង ហុចលុយឲ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យកស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។ បន្ទាប់ពីឆែកកាមរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឲ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ខែឆ្នាំដដែល វេលាម៉ោង១០ព្រឹកជនសង្ស័យបានណាត់ជាមួយក្រុមហ៊ុនសន្តិសុខឲ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិច តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញវិញទៅ។ រហូតដល់ម៉ោង១២រសៀលទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិច មិនឃើញជនសង្ស័យ ក៏តេទូរស័ព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិច វិញ ក៏ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោមក វាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យដួល ហើយ ជនសង្ស័យ ក៏ដើរចូលក្នុងគ្លីនិចបាត់ទៅ ។
ជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួសនឹងដេរចំនួនបីថ្នេរ។ ហើយជនរងគ្រោះបានទូរស័ព្ទរាយការណ៍ឲ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងតែម្ដង។
-តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឲ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ។
សូមជម្រាបថា, ករណីលោកផ្កាយ១ ហេង គាហុង យកកាំភ្លើងបញ្ចូលគ្រាប់ វាយទៅលើជនរងគ្រោះជាសន្តិសុខនៅគ្លីនិករបស់ខ្លួន គឺមានការរិះគន់យ៉ាងខ្លាំង ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ តាមតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសំណូមពរឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។ និងគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល ឃាត់ខ្លួនជនបង្កបានទាន់ពេលវេលាដោយមិនខ្លាចអំណាចលោកផ្កាយ១ខាងលើនេះ។
បច្ចុប្បន្នជនសង្ស័យនឹងត្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃនេះ ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់បំផុតពីមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ថាតើតុលាការធ្វើការផ្ដន្ទាទោស ឬមួយយ៉ាងណា ក្នុងករណីជនបង្កប្រព្រឹត្តអំពើហិង្សាដ៏ឃោរឃៅ និងជាបទល្មើសជាក់ស្ដែងនោះ៕
ដោយ៖ ស្អាងជ័យ