ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់ស្រលាញ់ភេទដូចគ្នា ពេលដឹងថាគូស្នេហ៍បែកចិត្តទៅ ស្រលាញ់មនុស្សប្រុសវិញប៉ងលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់សង្ស័យខូចចិត្តរឿងស្នេហាស្រលាញ់ភេទដូចគ្នា បែរជាគូស្នេហ៍បែកចិត្តទៅស្រលាញ់មនុស្សប្រុសវិញ ធ្វើឱ្យនាងខូចចិត្តអង្គុយយំ ហើយមានជនឆ្លៀតឱកាសមកលួងលោមនិងបន្លំលួចយកទូរស័ព្ទរបស់នាងធ្វើឱ្យនាងគិតខ្លីសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា ប៉ុន្តែមិនបានសម្រេច។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោងជិត១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នារីដែលខូចចិត្តរឿងស្នេហា និងប៉ុនប៉ងលោតទឹកសម្លាប់នេះបានរៀបរាប់ថា រូបនាងជាមនុស្សស្រឡាញ់ភេទដូចគ្នា ហើយមូលហេតុដែលធ្វើឱ្យនាងតូចចិត្តគិតខ្លីប៉ុនប៉ងបញ្ចប់ជីវិតបែបនេះ គឺដោយសារតែនាងតាមទាន់សង្សារកំពុងលួចទាក់ទងបង្កាត់ភ្លើងស្នេហ៍ជាមួយសង្សារថ្មីជាមនុស្សប្រុសក្នុងផ្ទះស្នាក់នៅម្តុំផ្សារសូរិយា។

នារីរូបនេះបានបន្តថា ដោយសារតែនាងតាមទាន់ឃើញសភាពបែបនេះផ្ទាល់នឹងភ្នែក ហើយមិនអាចទទួលយកបាន ទើបធ្វើឱ្យនាងខូចចិត្តបានត្រឹមអង្គុយយំសោកសៅតែម្នាក់ឯងនៅ ក្រោមផ្ទះ។បន្ទាប់មកក៏មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានចូលមកលួងលោមនាង និងបានបន្លំលួចយកទូរស័ព្ទមួយគ្រឿងរបស់នាង រួចគេចខ្លួនបាត់ទៅ ដែលរឹតតែធ្វើឱ្យនាងតែលតោល ព្រោះសង្សារក៏បោះបង់ចោល រីឯទូរស័ព្ទក៏គ្មាន រកអ្វីទាក់ទងទៅអ្នកផ្ទះនៅឯស្រុកកំណើតមិនបាន ធ្វើឱ្យនាង សុញគំនិត គិតអ្វីលែងចេញក៏សម្រេចចិត្ត មកលោតទឹកពីលើស្ពានជ្រោយចង្វា ដើម្បីបញ្ចប់ជីវិត ប៉ុន្តែមិនបានសម្រេចនោះទេ ព្រោះមានអ្នកជួយឃាត់នាងទាន់ពេលវេលា។

ក្រោយកើតហេតុ នារីគិតខ្លីត្រូវសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលស្រះចកណែនាំ និងទាក់ទងហៅសាច់ញាតិឱ្យមកទទួលយកនាងត្រឡប់ទៅវិញ៕ជ្រោយពេជ្រ


ចែករំលែក៖