អន្តរជាតិ៖ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងជួយសង្គ្រោះប្រព័ន្ធសុខាភិបាលនៃចក្រភពអង់គ្លេស ដែលកំពុងមានសម្ពាធខ្លាំង លោក បូរីសចនសុន នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស នៅថ្ងៃទី៤ ខែមករា បានចេញប្រកាសបិទប្រទេសសាជាថ្មី។ ខណៈការប្រកាសបិទតំបន់នេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់សកលវិទ្យាល័យ Oxford ដែលសហការជាមួយក្រុមហ៊ុនឱសថAstraZeneca។
ជាក់ស្តែងបើទោះបីជារដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹង ការកំណត់ចំនួនមនុស្សក្នុងការជួបជុំ ការបិទទីកន្លែងសាធារណៈមួយចំនួនក៏ដោយ ប៉ុន្តែស្ថានការណ៍កូវីដ-១៩ របស់ចក្រភពអង់គ្លេស មិនបានថមថយឡើយ ។បន្ទាប់ពីអង់គ្លេស នៅថ្ងៃទី៤ ខែមករា ម្សិលមិញនេះ បានប្រកាសថា ករណីឆ្លងថ្មីមានចំនួន ៥៨៧៨៤ករណី និងអ្នកស្លាប់ ៤០៧នាក់។ ការហក់ឡើងនៃករណីឆ្លងប្រចាំថ្ងៃនេះ បណ្តាលមកពីកូរ៉ូណាវីរុសដែលវិវឌ្ឍទៅជាទម្រង់ថ្មីVUI–202012/01 ដែលត្រូវបានរកឃើញកន្លងទៅ។
ជាមួយការកើនឡើងករណីឆ្លង ស្របពេលមន្ទីរពេទ្យនៅអង់គ្លេសកំពុងមានអ្នកជំងឺកូវីដ-១៩ ច្រើន ទេីបនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បូរីស ចនសុនបានប្រកាសបិទតំបន់អង់គ្លេសទាំងមូល។
លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះក្នុងសុន្ទរកថាទៅកាន់ប្រជាជនថា៖«ដូចនេះ យើងត្រូវតែបិទអង់គ្លេសដែលជាវិធានការរឹតត្បិតបំផុតដើម្បីទប់ស្កាត់ទម្រង់ថ្មីនៃកូរ៉ូណាវីរុសនេះ»។ លោក ចនសុន បានបន្ថែមថា បើសិនបើស្ថានការណ៍កូវីដ-១៩អាចធូរស្រាលអង់គ្លេសអាចនឹងដើរចេញពីការបិទតំបន់នេះនៅពាក់កណ្តាលខែកុម្ភៈខាងមុខ។ លោកពន្យល់ថា ការបិទតំបន់ ជាជម្រើសល្អបំផុត ស្របពេលប្រទេសកំពុងមានសម្ពាធខ្ពស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយឡែកសម្រាប់ការបិទប្រទេសជាថ្មីនេះ អង់គ្លេស បានបិទហាងទំនិញនិងមុខជំនួញមិនចាំបាច់មួយចំនួន។ សាលារៀនទាំងអស់ ត្រូវបិទប៉ុន្តែក្មេងៗ ដែលមានឪពុកម្តាយមានការងារសំខាន់ អាចបញ្ជូនទៅសាលារៀនបាន។ចំណែកការប្រលងផ្សេងៗ មិនអាចធ្វើឡើងបានឡើយ។ ចន្លោះពីខែមេសាដល់ខែមិថុនា អង់គ្លេស បានខូចខាតសេដ្ឋកិច្ចរបស់ខ្លួនប្រមាណ២០ភាគរយដោយសារការបិទតំបន់ ស្របពេលក្រុមហ៊ុនមួយចំនួនត្រូវក្ស័យធន។
សូមជម្រាបដែរថា ក្រៅពីអង់គ្លេស ទឹកដីចក្រភពអង់គ្លេសឯទៀតដូចជា៖ ស្កុតឡែន វែល និងអៀរឡង់ខាងជើង មិនសូវមានវិធានការតឹងរ៉ឺងឡើយ។ នៅស្កុតឡែន រដ្ឋមន្ត្រីទីមួយ លោកស្រី Nicola Sturgeon ប្រកាសដាក់រដ្ឋក្រោមការរឹតបន្តឹងដែលមានសុពលភាពចាប់តាំងពីពាក់កណ្តាលយប់ ថ្ងៃទី៤ខែមករាតទៅ។ ចំណែកវែល និងអៀរឡង់ មិនបានបិទតំបន់ដូចគេឡើយប៉ុន្តែស្ថិតនៅក្នុងវិធានការរឹតត្បិតមួយចំនួនដែលតម្រូវឲ្យបិទសាលារៀន និងហាមការជួបប្រជុំ។
បេីតាមលោកតា Brian Pinker ដែលមានវ័យ ៨២ឆ្នាំ និងជាអ្នកជំងឺត្រូវលាងឈាមនោះ បានទទួលការចាក់វ៉ាក់សាំងរបស់សកលវិទ្យាល័យOxford ដំបូងគេ។ បើតាមការអះអាងរបស់អ្នកគ្រប់គ្រងលើការថែទាំចូលនិវត្តន៍រូបនេះ លោកពិតជាសប្បាយចិត្តណាស់ ដែលទទួលបានវ៉ាក់សាំងអភិវឌ្ឍដោយសកលវិទ្យាល័យ Oxford។
បច្ចុប្បន្ន អង់គ្លេស គិតត្រឹមថ្ងៃទី៤ ខែមករា មានករណីឆ្លងសរុបចំនួនជាង២,៧លានករណី និងអ្នកស្លាប់មានចំនួនជាង ៧,៥ម៉ឺននាក់។
គួរបញ្ជាក់ថា ការប្រកាសបិទប្រទេសនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអង់គ្លេស បានប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនAstraZeneca ដែលសហការជាមួយសកលវិទ្យាល័យ Oxford។ យុទ្ធនាការចាក់វ៉ាក់សាំងទីពីរ ដែលអនុម័តឲ្យប្រើប្រាស់នៅចក្រភពអង់គ្លេសនេះ ត្រូវបានរដ្ឋាភិបាលសាទរយ៉ាងខ្លាំង ព្រោះវាជាចំណែកមួយ ទប់ស្កាត់ការរាតត្បាតកូរ៉ូណាវីរុស ក៏ដូចជាទម្រង់ថ្មីនៃកូរ៉ូណាវីរុស ដែលដែលកំពុងអុកឡុកផងដែរ៕ដោយ៖ស តារា