ខេត្តកណ្ដាល៖ មានករណីឃាតកម្មមួយបានកើតឡើងនៅថ្ងៃទី០៥ខែមករាឆ្នាំ២០២១វេលាម៉ោង០៧និង១០នាទី ស្ថិតនៅចំណុចបន្ទប់ជួលលេខ៨របស់ជនរងគ្រោះ ក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិសង្កាត់កើតហេតុ ។
ដោយឡែកជនសង្ស័យជាឃាតកដៃដល់មានឈ្មោះ ទូច សុជាតិ ហៅម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
សមត្ថកិច្ចបានបន្តថា វត្ថុតាងចាប់យករួមមាន កាំបិតចុងស្រួច ដងជ័រពណ៌ខ្មៅ ចំនួនមួយ។
មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៦និង៣០នាទី
ក្រុមគ្រួសាររបស់ជនរងគ្រោះមានឪពុកម្តាយនិងប្អូនប្រុសបាននាំគ្នាចេញទៅធ្វើការអស់ នៅសល់តែជនរងគ្រោះនិងប្អូនប្រុសម្នាក់ឈ្មោះផេង រិនណារ៉ុង អាយុ១០ឆ្នាំ។
បន្ទាប់មកជនរងគ្រោះបានប្រើប្អូនប្រុសឱ្យជិះកង់ទៅទិញបាយស្រូបយកមកញ៉ាំទាំងអស់គ្នា។
សមត្ថកិច្ចបន្តថា នៅពេលទិញបាយរួចហើយ ប្អូនប្រុសក៏យកបាយមកឱ្យជនរងគ្រោះ ក៏ឃើញជនរងគ្រោះនៅក្នុងបន្ទប់តែពីរនាក់ជាមួយជនសង្ស័យ ពេលនោះជនរងគ្រោះបានប្រាប់ប្អូនថាកុំអាលទាន់ចូល ចំណែកជនសង្ស័យក៏បានប្រើប្អូនជនរងគ្រោះឱ្យទៅទិញបារីសេកចំនួន៥០០រៀល ។
នៅពេលទិញបារីរួចហើយ ប្អូនប្រុសជនរងគ្រោះត្រឡប់មកវិញក៏ឃើញជនសង្ស័យឈរនៅផ្លូវចូលមុខផ្ទះជួល រួចហើយប្អូនជនរងគ្រោះក៏បានហុចបារីឱ្យ ហើយក៏ចូលទៅមើលក្នុងបន្ទប់ក៏ឃើញជនរងគ្រោះដេកលើឥដ្ឋមានឈាមពេញលើទ្រូង ក៏បានស្រែកហៅជនសង្ស័យឱ្យមកជួយមើល ហើយនៅពេលមកដល់ជនសង្ស័យក៏បានស្រែកហៅអ្នកជិតខាងឱ្យមកជួយមើលទៀត។បន្ទាប់មកជនសង្ស័យក៏បានលើកបីសពយកទៅមន្ទីរពេទ្យតែម្តង។
តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពថា៖ គាត់ពិតជាបានយកកាំបិតចុងស្រួចដងជ័រ ពណ៌ខ្មៅចាក់សម្លាប់ជនរងគ្រោះជាច្រើនកាំបិតលើដើមទ្រូង និងពោះបណ្តាលអោយដេកស្លាប់ក្នុងថ្លុកឈាមប្រាកដមែន ដោយសារតែខ្លួនធ្លាប់ចាប់រំលោភជនរងគ្រោះ ហើយជនរងគ្រោះមានបំណងចង់ប្រាប់ដល់ម្តាយឱ្យបានដឹង និងថ្ងៃកើតហេតុចង់រំលោភម្តងទៀត តែជនរងគ្រោះមិនព្រម។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ