ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរ ដឹកជញ្ជូនសារធាតុញៀន(កញ្ឆា)តាមបញ្ញើប្រៃសណីយ៍ នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនសារធាតុញៀន(កញ្ឆា)តាមបញ្ញើប្រៃសណីយ៍ នៅក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាម ផេកផ្លូវការ ផែនការងារប្រឆាំងគ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥នេះថា ជនសង្ស័យមានឈ្មោះ ប៊ួយ វៀតអាន់ ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលក្នុង ក្រុងបាវិត។

ប្រភពបន្តថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១១.៣០នាទីនៅចំណុចសាខាប្រៃសណីយ៍ក្រុងបាវិត បន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារប្រៃសណីយ៍ខេត្តស្វាយរៀងថាមានកញ្ចប់បញ្ញើ សង្ស័យជាសារធាតុញៀនដែលមានកញ្ចប់លេខកូដEE20489766THផ្ញើរពីប្រទេសថៃ តាមរយៈប្រៃសណីយ៍កម្ពុជា គោលដៅមកកាន់ក្រុងបាវិត ខេត្តស្វាយរៀងនិងដោយមានកិច្ចសហការល្អជាមួយបុគ្គលិកប្រៃសណីយ៍សាខាក្រុងបាវិត កម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀងបានស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាជួញដូរដឹកជញ្ជូន សារធាតុញៀនឆ្លងដែនដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ព្រមទាំង ដកហូតសារធាតុញៀន(កញ្ឆាក្រៀម)ចំនួន០២កញ្ចប់ទម្ងន់ ៥៥២,១៣ក្រាម ,ទូរស័ព្ទដៃ ០២ គ្រឿង,អត្តសញ្ញាប័ណ្ណជនជាតិវៀតណាម០១ សន្លឹក និងបណ្ណ័បើកបររថយន្ត០១សន្លឹក។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖