ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីត្រាំ​ប្រកាសថានឹងតស៊ូដល់ទីបញ្ចប់ដើម្បីរក្សាកៅអីប្រធានាធិបតី

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ​ កាលពីយប់ថ្ងៃទី​៤ខែមករាឆ្នាំ​២០២១(ពេលវេលានៅអាមេរិក) បានប្រកាសថា​នឹងតស៊ូដល់ទីបញ្ចប់​ ដើម្បីរក្សាកៅអីប្រធានាធិបតី​អាមេរិក​។ លោកត្រាំ​ក៏បានអំពាវនាវដល់ក្រុមអ្នកបង្កើតច្បាប់នៃគណបក្សសាធារណរដ្ឋ​ប្រែក្រឡាស់លទ្ធផលបោះឆ្នោតអាមេរិកឆ្នាំ​២០២០​។

ប្រធានាធិបតី ដូណាល់ ត្រាំ បានបន្តផ្សព្វផ្សាយ​ឃោសនា​ស្តីពីការបោះឆ្នោតអាមេរិក ដែលមានការបន្លំសន្លឹកឆ្នោត​។​ លោកត្រាំ​បញ្ជាក់ថាលោកបៃឌិន​​នឹងមិនអាច​ចូលក្នុងសេតវិមានបានឡើយ។
កន្លងមកនៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីដូណាល់ ត្រាំ​បានអំពាវនាវដល់តំណាងរាស្ត្រគណបក្សសាធារណរដ្ឋប្រែក្រឡាស់លទ្ធផលបោះឆ្នោត​អាមេរិក​នៅក្នុងសភានាថ្ងៃទី​៦ខែមករា​ ។

ថ្ងៃទី​៦ខែមករា គឺជាពេលវេលា​សំខាន់បំផុត​ដែល​រដ្ឋសភាបោះឆ្នោត​អនុម័តលទ្ធផលបោះឆ្នោត ​ប្រធានាធិបតីជាលើកចុងក្រោយ។
ការខិតខំប្រែក្រឡាស់លទ្ធផលបោះឆ្នោត​ប្រធានាធិបតី​របស់លោកត្រាំ​ កំពុងតែធ្វើឲ្យគណបក្សសាធារណរដ្ឋ​បែកបាក់គ្នា ។ តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ​មួយចំនួននៅតែបន្តគាំទ្រលោកត្រាំ​ក្នុងការប្រែក្រឡាស់លទ្ធផលបោះឆ្នោត​។ ចំណែកមន្ត្រីជាច្រើនរូប​ទៀត​បានប្រកាសថា​ ការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ទំនុកចិត្តរបស់ពលរដ្ឋ និងប៉ះពាល់ដល់ប្រជាធិបតេយ្យអាមេរិក ។ ចំណែកអតីត​រដ្ឋមន្ត្រីការពារជាតិអាមេរិក​ ​១០ រូប​បានព្រមព្រៀងគ្នាថា​​ ពេលវេលានៃការ​ តវ៉ាលទ្ធផលបោះឆ្នោត​បានកន្លងផុតទៅ​។
អនុប្រធានាធិបតីអាមេរិក លោក Mike Pence នឹងដឹកនាំកិច្ចប្រជុំ​សភា​នៅថ្ងៃទី​៦ខែមករា​ ដោយលោកបានសន្យាថា ទឹកដីអាមេរិក នឹងមានលទ្ធផលផ្លូវការ​នៅក្នុងកិច្ចប្រជុំសភាលើកនេះ ។
នៅពេលនេះក្រុមអ្នកគាំទ្រលោកត្រាំ​បាននាំគ្នាមកកាន់ទីក្រុងវ៉ាស៊ីនតោន​ដើម្បីត្រៀមធ្វើមហាបាតុកម្ម ក្រោយសភាបើកកិច្ចប្រជុំ និងបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាមេរិក ៕

ដោយ៖ធី រីណា(រូបភាព៖AP)


ចែករំលែក៖