ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋជាច្រើននៅអាមេរិក​បង្កើនសកម្មភាពចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

ចែករំលែក៖

តាមច្បាប់ថ្មី​នៅតាមបណ្តា​មន្ទីរពេទ្យនិងមជ្ឈមណ្ឌលសុខាភិបាលនានាក្នុងទីក្រុងញូវយ៉ក នឹងត្រូវផាកពិន័យជាទឹកប្រាក់ដល់ទៅ​១សែនដុល្លារអាមេរិក ប្រសិនបើចំនួនវ៉ាក់សាំងកូវីដ​-១៩​ដែលបញ្ជូនទៅឲ្យចាក់មិនទាន់អស់ក្នុងរយៈពេល​១សប្តាហ៍នោះ​។
នៅថ្ងៃទី៤ខែមករា អភិបាលរដ្ឋ​ញូវយ៉ក លោក Andrew Cuomo បានព្រមានថា​ បណ្តាមន្ទីរពេទ្យ និងមន្ទីរសុខាភិបាល ក្នុងទីក្រុងញូវយ៉ក នឹងរងការពិន័យជាទឹកប្រាក់​១សែនដុល្លារ​បើចាក់វ៉ាក់សាំងជូនពលរដ្ឋមិនទាន់អស់​​ចំនួនដែលបានប្រគល់ជូន ក្នុងរយៈពេល​១សប្តាហ៍។
ការព្រមានខាងលើកើតឡើង ក្រោយពេលទីក្រុងញូវយ៉ក​បានរកឃើញចំនួនអ្នកឆ្លងកូវីដ​-១៩​ថ្មីកើនឡើងខ្ពស់​ ក្នុងនោះមានកូវីដ-១៩ទម្រង់ថ្មី​ ដែលបានរកឃើញក្នុងប្រទេសអង់គ្លេស ។
អភិបាលរដ្ឋញូវយ៉កបានស្នើដល់ មន្ត្រីសុខាភិបាល​ត្រូវមានវិធានការចាក់វ៉ាក់សាំងជូនពលរដ្ឋ​ឲ្យអស់ ចំនួន​ដែលបានប្រគលជូន​​ មិនត្រូវយឺតយ៉ាវនោះឡើយ។ លោក​Andrew Cuomo បន្តទៀតថា​ ការធានាពីសុខភាពដល់ពលរដ្ឋ​គឺជារឿងសំខាន់បំផុត​ ។ លោកបានព្រមានថា មន្ទីរពេទ្យទាំងអស់មានជិត​២០០​នៅក្នុងរដ្ឋញូវយ៉ក គឺត្រូវតែប្រើប្រាស់វ៉ាក់សាំង​ប្រកបដោយប្រសិទ្ធភាព​ ។
បច្ចុប្បន្ន រដ្ឋញូវយ៉កទើបតែបានចាក់វ៉ាក់សាំង​អស់​៤៦ភាគរយប៉ុណ្ណោះ ក្នុងចំណោមវ៉ាក់សាំងដែលបានប្រគល់ជូន​​។ នៅក្នុងមន្ទីរពេទ្យមួយចំនួនទើបតែចាក់បាន​១៥ភាគរយប៉ុណ្ណោះ​។ ញូវយ៉កមានពលរដ្ឋ​២០​លាននាក់ ​ប៉ុន្តែការចាក់វ៉ាក់សាំងទើបតែបាន៣សែននាក់ប៉ុណ្ណោះ។ ចំណែកវ៉ាក់សាំងដែលទទួលបាន​មានដល់ទៅ​៤៤៣ពាន់ដូស​៕

ដោយ៖ធី រីណា


ចែករំលែក៖