ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងមហាសន្និបាតបក្ស គីម ជុងអ៊ុន អំពាវនាវ​ឱ្យមានការលោតផ្លោះដ៏អស្ចារ្យ​ក្នុងវិស័យសេដ្ឋកិច្ច

ចែករំលែក៖

នៅក្នុងមហាសន្និបាតបក្ស​ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច​៥ឆ្នាំកន្លងមក​មិនបានសម្រេចគោលដៅដូចការគ្រោងទុក​នោះឡើយ ។
នៅក្នុងមហាសន្និបាតនាថ្ងៃទី ៥ ខែមករា ឆ្នាំ​២០២១ មេដឹកនាំ គីមជុងអ៊ុន បាន​ដឹកនាំមហាសន្និបាត​ ដោយលោកបានលើកឡើងថា​ គម្រោង​អភិវឌ្ឍន៍សេដ្ឋកិច្ច​៥ឆ្នាំកន្លងមក​​ មិនសម្រេចតាមគោលដៅដែលបក្សបានដាក់ចេញនោះទេ។​ នៅពេលនេះលោកបានសម្រេចស្វែងរកចក្ខុវិស័យថ្មី​ ដើម្បីឲ្យវិស័យសេដ្ឋកិច្ចជាតិ​លោតផ្លោះ ។
តាមសារព័ត៌មាន Bloomberg បានដកស្រង់ប្រភពព័ត៌មានពីសារព័ត៌មានកូរ៉េខាងជើង​(KCNA) ដែលបានផ្សាយថា​ នៅក្នុងមហាសន្និបាតបក្ស​ លោកគីម ជុងអ៊ុន បានលើកឡើងពីគម្រោង​អភិវឌ្ឍន៍សេដ្ឋកិច្ច​៥ឆ្នាំកន្លងមក គឺនៅឆ្នាំ​២០១៦-២០២០ នៅគ្រប់វិស័យ ។ លោក គីម បានបញ្ជាក់ទៀតថា​​​ ឧបសគ្គពីខាងក្រៅ​បានបង្កផលលំបាកដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច។
មេដឹកនាំ​កូរ៉េខាងជើង​​នឹងស្វែងរក ផ្លូវដើរថ្មី​ ដើម្បីនាំសេដ្ឋកិច្ចប្រទេសជាតិ​លោតផ្លោះក្នុងដំណាក់កាលថ្មី​ ។​ សារព័ត៌មានកូរ៉េខាងជើងមិនបានផ្សាយពី​ ចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​ ដែលមេដឹកនាំគីម ជុងអ៊ុន លើកឡើងដើម្បីបង្កើនកម្រិតជីវភាពរស់នៅ​របស់ពលរដ្ឋ​។
ចូលរួមក្នុងមហាសន្និបាតបក្ស​ពលករកូរ៉េខាងជើង ​​មានសមាជិក​៥០០០នាក់ចូលរួម ពីបណ្តា​ខេត្តក្រុងនានា​។ មហាសន្និបាតបក្សកើតឡើង​ក្នុងពេលដែលសេដ្ឋកិច្ចកូរ៉េខាងជើងធ្លាក់ចុះ ហើយអាមេរិកផ្លាស់ប្តូរមេដឹកនាំថ្មី​ ។
ក្រៅពីការដាក់ដាក់ទណ្ឌកម្ម​របស់អាមេរិក សេដ្ឋកិច្ចកូរ៉េខាងជើង នៅរងផលប៉ះពាល់ពីគ្រោះធម្មជាតិ​​ និងការបិទព្រំដែន ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ​-១៩​៕

ដោយ៖ធី រីណា(រូបភាព៖KCNA/Reuters.)


ចែករំលែក៖