ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិប្រាសាទខ្មែរ÷ប្រាសាទលលៃ នៃ​រាជ​ធានី​បុរាណ​ហរិហរាល័យ

ចែករំលែក៖

 ប្រាសាទលលៃស្ថិតនៅខាងជើងផ្លូវជាតិលេខ៦(សៀមរាប- ភ្នំពេញ) ត្រង់បង្គោលគីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រាសាទលលៃកសាងនៅចុងសតវត្សទី៩ នៃគ.ស៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។ តាមសិលាចារឹករបស់ប្រាសាទនេះ បានលម្អិតអំពីពេលវេលាល្អ ដែលគេដេញគន់គូរឡើង ដើម្បីប្រារព្ធពិធីឆ្លងពេលដែលព្រះបាទយសោវរ្ម័នទី១ កសាងប្រាសាទលលៃនេះ​ប្រហែល​ជាព្រះអង្គ​ចាប់ផ្តើមអនុវត្ត​គម្រោងផ្លាស់​រាជធានីពី “ហរិហរាល័យ” (តំបន់រលួសសព្វថៃ្ង) ទៅជា “យសោធរ” (តំបន់ឧទ្យានអង្គរសព្វថៃ្ង) ជាបណ្តើរៗ។

ប្រាសាទនេះស្ថិតនៅកណ្តាលបារាយណ៍ “ឥន្រ្ទតាដាក” ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះវិហារវត្តលលៃ។ តាមសិលាចារឹកដដែលឲ្យដឹងដែរថាទឹក នៅក្នុងបារាយណ៍នេះ គឺ​សម្រាប់ការប្រើប្រាស់នៅទីក្រុងហរិហរាល័យ និងសម្រាប់ធ្វើស្រែចំការនៅតំបន់នេះ បច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទ បាត់អស់ហើយក្លាយទៅជាវាលស្រែ។ ប្រាសាទ​ល​លៃ​ជា​ប្រាសាទ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ទេវស្ថាន​ ក្រុង​ហរិហរាល័យៈ។ អាចដោយហេតុ​ថាមិន​អាច​ពង្រីក​អា​ណាចក្រ​​​របស់​ព្រះ​អង្គ​នៅ​ឯ​ក្រុង​​​ហ​រិ​ហរាល័យឲ្យ​ធំ​ជាង​នេះបាន ព្រះ​បាទឥន្រ្ទវរ្ម័នទី​១ ​បាន​ផ្លាស់​រាជ​ធានី​នេះ​ទៅ​ឯ​ យសោធរ​ វិញ។ ដូច្នេះ​ហើយ​បាន​ជា​ឈ្មោះ​របស់​ក្រុង​ហ​រិ​ហ​រា​ល័​យៈត្រូវបាន​រលាយ​បាត់​ តាំង​ពី​ពេល​នោះ​មក ។

ប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយនៅលើ​ជើង​គ្រឹះ​​ដែល​មាន​ទទឹង ៨០​ម្រ៉ែត បណ្តោយ៩0ម៉្រែត ស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ ដោយមានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមានទ្វារបពោ្ឆតបីទិស ទ្វារចូលមួយនៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។

ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍។ តួប៉មនីមួយៗមានតម្កល់សិវលិង្គ មិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ។ នៅពេលបច្ចុប្បន្ន មានប៉មប្រាសាទមួយបានដួលរលំជិតអស់ហើយ គឺនៅសល់តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ទ្រុឌទ្រោមខ្លាំង។

ចំពោះរូបចម្លាក់​នៅ​ប្រាសាទ​លលៃ ទោះ​បី​ជាមាន​ការ​ទ្រុឌ​ទ្រោម​ខ្លាំង​ក៏​ដោយ ក៏​យើងឃើញ​មាននូវ​ក្បាច់​ចម្លាក់​ដ៏រស់រវើក​តាម​ស៊ុម​ទ្វារ និង ចម្លាក់​ថ្ម​ភក់​នៅ​លើ​ផ្តែរ ដែល​គេ​អាច​សន្និ​ដ្ឋាន​បាន​ថា ប្រាសាទ​ដែល​នៅ​​ទិស​ខាង​កើត​មាន​ហោង​ជាង​រូប​ព្រះ​ឥន្រ្ទ​គង់​លើ​ ដំរីឯរាវ័ណ ។ ផ្នែក​ខាង​ឆ្វេង និងខាង​ស្តាំ​របស់​ក្បាល​ដំរី​ឯរាវ័ណ​មាន​កម្រង​ផ្កា។​​

នៅ​ហោជាង​លើ​ផ្តែរ​ជា​ចម្លាក់​ផុស​របស់​តាបស​ទាំង​អស់​ដែល​​មាន​ ៨ អង្គ កំពុង​តែអង្គុយ​សមាធិ​តាំង​សិល្ប៏ ។ ចំណែក​ឯ​ចម្លាក់​នៅ​ស៊ុម​ទ្វារ​ធ្វើ​អំពី​ថ្ម​ភក់​ជារូប​សិង្ហ​ពាំ​កម្រង​ផ្កា។ ទោះ​បី​ជា​ចម្លាក់​ភាគ​ច្រើន​ត្រូវបាន​រលាយ​បាត់​ និងត្រូវ​បំផ្លិច​បំផ្លាញ​ក៏​ដោយ​ក៏​គេ​នៅ​តែ​ចាត់​ទុក​ថា​​សិល្បៈ​ដ៏​ស្អាត ​វិចិត្រ​ក្នុង​ទម្រង់​សិល្បៈ​សម័យ​ព្រះ​គោ ឬ ក្នុង​យុគសម័យ​អាណាចក្រ​ហ​រិ​ហ​រាល័យ៕

ស្រាវជ្រាវឯកសារនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖