អន្តរជាតិ៖ ក្រោមហេតុផលសន្តិសុខជាតិ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានចេញបញ្ជាប្រតិបត្តិមួយដែលហាមឃាត់ការប្រើប្រាស់កម្មវិធីទូទាត់ និងកម្មវិធីលើទូរស័ព្ទរបស់ចិនចំនួន៨។ នេះជាការប៉ុនប៉ងថ្មីមួយទៀតរបស់ប្រធានាធិបតីជិតចប់អាណត្តិរូបនេះក្នុងការបិទផ្លូវកម្មវីធីទូរសព្ទដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន។ ខណៈលោក ត្រាំ មុននេះបញ្ជា ដើម្បីហាមឃាត់កម្មវិធីTikTok ដ៏មានប្រជាប្រិយភាព ក៏ទទួលបានបរាជ័យដោយសារចៅក្រមអាមេរិកជំទាស់។
ជាក់ស្តែងបញ្ជាប្រតិបត្តិចុះនៅថ្ងៃទី៥ ខែមករាម្សិលមិញនេះ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមានប្រសិទ្ធភាពអនុវត្តនៅ៤៥ថ្ងៃក្រោយ។ អំឡុងពេលនេះ ក្រុមហ៊ុនដែលជាប់ឈ្មោះ អាចដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអាមេរិកឲ្យពន្យារពេលអនុវត្ត ឬទាត់ចោលបញ្ជាលោក ត្រាំ ក៏បាន។ បញ្ជាប្រតិបត្តិលើកនេះ អាចមានវាសនាដូចបញ្ជាប្រតិបត្តិលើកមុនដែលលោក ត្រាំ ហាមឃាត់ការធ្វើទំនាក់ទំនងជាមួយក្រុមហ៊ុនចិនដូចជា TikTok និង WeChat ដែលតុលាការសម្រេចឲ្យផ្អាកវិញនោះ។
សូមជម្រាបថា កម្មវិធីទូទាត់លុយ WeChat Pay, Alipay, QQ Wallet និងកម្មវិធីលើទូរសព្ទដៃ CamScanner, SHAREit, Tencent QQ, VMate, និង WPS Office សុទ្ធតែមានឈ្មោះបញ្ជីដែលត្រូវហាមឃាត់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ លោក ត្រាំ ដែលអាណត្តិប្រធានាធិបតីកាន់តែខើចទៅហើយនោះ ត្រូវគេមើលឃើញថា ចង់ប្រើប្រាស់រយៈពេលចុងក្រោយរបស់លោកនៅសេតវិមានដើម្បីដាក់សម្ពាធលើក្រុមហ៊ុនដែលត្រូវចាត់ទុកជាការគំរាមសន្តិសុខជាតិ។
បើតាមមន្រ្តីជាន់ខ្ពស់រដ្ឋបាលអាមេរិក បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានAFP ថា កម្មវិធីទូរសព្ទខាងលើ ត្រូវជាប់ឈ្មោះក្នុងបញ្ជីហាមឃាត់ដោយសារតែមានការទាញយកច្រើនខ្លាំងនៅអាមេរិក។ នេះមានន័យថាទិន្នន័យពលរដ្ឋអាមេរិករាប់លាននាក់ ប្រឈមមុខហានិភ័យដែលត្រូវប្រើប្រាស់ដោយមិនខ្លួន ឬត្រូវបានផ្ទេរឲ្យរដ្ឋាភិបាលចិនផងដែរ។ រឿងនេះហើយដែលលោក ត្រាំ តែងយកទៅបកស្រាយ ហើយចោទចិនមិនចេះចប់នោះ។
មន្ត្រីជាន់ខ្ពស់រូបនេះ ក៏អះអាងថា លោក ដូណាល់ ត្រាំ មិនបានជជែកជាមួយក្រុមការងារប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ជាមុនឡើយពេលចេញបញ្ជាលើកនេះ។ ខណៈលោក ត្រាំ នៅសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ មុនត្រូវផ្ទេរតំណែងឲ្យលោក បៃឌិន ដែលនឹងស្បថចូលកាន់តំណែងនៅថ្ងៃទិ២០ខែមករា។
គួរបញ្ជាក់ដែរថា មិនមែនត្រឹមកម្មវិធីខាងលើឡើយ លោក ត្រាំ ក៏បញ្ជាឲ្យក្រសួងពាណិជ្ជកម្មវាយតម្លៃលើក្រុមហ៊ុនផ្សេងទៀតដើម្បីបញ្ចូលក្នុងបញ្ជីហាមឃាត់ផងដែរ៕ដោយ៖ស តារា
រូបថត ៖Xinhua