ភ្នំពេញ៖ បុរសម្នាក់ជាជាងតបណ្តាញទឹកភ្លើងបានរាយការណ៍ប្រាប់មេការរបស់ខ្លួនថា មានសាកសពបុរសម្នាក់នៅក្នុងដីឡូត៍ព្រៃស្តុកមួយដោយមានសភាពស្វិតក្រៀមសល់តែស្បែកដណ្តប់ឆ្អឹង បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូត៍មួយកន្លែងក្នុងតំបន់បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ភិនភាគសពមានសភាពក្រៀមស្វិតសល់តែស្បែកដណ្តប់ឆ្អឹង ពាក់អាវយឺតពណ៌ប្រផេះ ខោខ្មៅជើងវែងសាច់យឺត ពាក់ស្បែកជើងស៊កជ័រពណ៌ស ក្បាលទំពែក សង្ស័យជាជនជាតិចិនមានវ័យជាង៤០ឆ្នាំ ទំនងជាស្លាប់ជិតមួយខែមកហើយ ។
បើតាមសាក្សីដែលឃើញមុនគេ គឺបុរស មានមុខរបរជាជាងទឹកភ្លើងម្នាក់ មានឈ្មោះ ភិន សុភ័ក្ត្រ អាយុ២៤ឆ្នាំ បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ មេរបស់គាត់បានប្រើឱ្យគាត់ពិនិត្យមើលបណ្តាញទឹក ព្រោះទឹកចេះតែអស់ច្រើន ទើបគាត់បានដើររកមើលតាមទុយយោទឹកដែលរត់កាត់ លុះគាត់ដើររកមើលតាមទុយយោទឹកមកដល់ក្នុងព្រៃដីឡូត៍ខាងលើ ស្រាប់តែឃើញសាកសពតែម្តង ទើបគាត់រាយការណ៍ប្រាប់ទៅមេការគាត់ និងរាយការណ៍បន្តប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ ។
បច្ចុប្បន្នទីតាំងកើតហេតុ និងសាកសពត្រូវបានសមត្ថកិច្ចហ៊ុមព័ទ្ធ បង្កើតគណៈកម្មការជំនាញចូលរួមធ្វើកោសល្យវិច័យ ដើម្បីពិនិត្យរកហេតុផលឱ្យបានច្បាស់ថាតើជនរងគ្រោះជាជនជាតិអ្វី ហើយស្លាប់ដោយសារអ្វីឱ្យប្រាកដ។ អង្គភាពយើងនឹងផ្សាយលម្អិតនៅពេលក្រោយ៕ ដោយ៖ រ៉ារ៉ា