ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របើកបរខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូកំពុងបើកបរនិងបុករថយន្តចតលើចិញ្ចើមថ្នល់ផ្អើលទាំងព្រលឹម

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តហាយឡេនឌ័របើកបរប្រើប្រាស់ល្បឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកពីក្រោយបុរសម្នាក់ដែលកំពុងជិះម៉ូតូស្របទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសរួចរេចង្កូតទៅបុករថយន្តដែលចតទុកលើចិញ្ចើមថ្នល់បង្កការភ្ញាក់ផ្អើលទាំងព្រលឹមស្រាងៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីទៀបភ្លឺថ្ងៃទី៦ ខែ មករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៦៥-១៦៦ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះសាយ ដាពៅ  អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកអីវ៉ាន់ មានទីលំនៅភូមិជីមាន់ត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១H-២៨៧០រងការខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយឃើញសភាពមិនស្រួលបានរត់គេចខ្លួន

បាត់ភ្លាមៗបន្សល់តែរថយន្តហាយឡេនឌ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២AX-០៥២៦នៅនឹងកន្លែង។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២AX-០៥២៦ក្នុងទិសដៅពីលិចទៅកើតដោយប្រើប្រាស់ល្បឿនខ្វះការប្រុងប្រយ័ត្នស្រាប់តែទៅបុកគូទម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១H-២៨៧០ដែលបើកស្របគ្នាយ៉ាងពេញទំហឹង រួចបានរេចង្កូតទៅបុករថយន្ត ១គ្រឿងទៀតម៉ាកហាយឡេនឌ័រ ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2AH-2494 ដែលចតទុកលើចិញ្ចើមថ្នល់មិនស្គាល់ម្ចាស់បណ្ដាលឱ្យខូចធ្ងន់ផ្នែកខាងមុខតែម្ដង។

បច្ចុប្បន្នរថយន្តនិងម៉ូតូទាំង៣គ្រឿង សមត្ថកិច្ចបានវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមច្បាប់៕ យឹម សុថាន

 


ចែករំលែក៖