ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២១ លោក ណុប ចំរើនអភិបាលក្រុងស្វាយរៀង និងក្រុមការងារបានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរដាំដំណាំបន្លែ ចិញ្ចឹមត្រី និងធ្វើស្រូវប្រាំងក្នុងក្រុងស្វាយរៀង។
យោងតាមមន្ត្រីសាលាក្រុងស្វាយរៀងបានឲ្យដឹងថា នៅព្រឹកនេះលោកអភិបាលក្រុងរួមជាមួយមន្ត្រីដែលពាក់ព័ន្ធ បានចុះពិនិត្យការធ្វើស្រូវប្រាំងរបស់លោក ឆែម សុភាព កសិករធ្វើស្រូវប្រាំងនៅភូមិគយត្របែក សង្កាត់គយត្របែក។
បើតាមលោក ឆែម សុភាព បានបញ្ជាក់ថា នេះជាលើកទី១ហើយដែលលោកបានជួលដីបងប្អូនប្រជាពលរដ្ឋចំនួន២០ហិកតា នៅភូមិគយត្របែក សង្កាត់គយត្របែក សម្រាប់ធ្វើស្រូវប្រាំង និងមានគម្រោងដាំបន្លែត្រសក់បន្ថែមទៀត។ លោកបានបន្ថែមទៀតថា ចំពោះទិន្នផលស្រូវ(ពូជ54-51)នេះ នឹងទទួលបានទិន្នផលចន្លោះពី៥ទៅ៦តោនក្នុង១ហិកតា។
មន្ត្រីសាលាក្រុងដដែលបានបន្ថែមថា បន្ទាប់មកលោកអភិបាលក្រុងបានបន្តចុះពិនិត្យទីតាំងចិញ្ចឹមត្រីរបស់លោកស្រី យិន សុភី នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង មានចំនួន១៥អាងត្រី។ តាមការបញ្ជាក់របស់លោកស្រីបានឲ្យដឹងថា ក្នុង១អាងមានត្រី១៤.០០០ក្បាល។
ជាមួយគ្នានេះក្រុមការងារបានបន្តចុះជួបប្រជាពលរដ្ឋដាំដំណាំស្ពៃ ឆៃថាវ នៅភូមិស្វាយ សង្កាត់ចេក របស់លោកស្រី ម៉ុក សាម៉ុន ចំនួន៤ហិកតា។ លោកស្រីបានបញ្ជាក់ថា មើមឆៃថាវនេះគឺសម្រាប់ធ្វើជ្រក់លក់នៅលើទីផ្សារក្រុងស្វាយរៀង ហើយការដាំដំណាំប្រភេទនេះ គឺធ្វើតាមរដូវកាល។ ក្រៅពីនេះលោកស្រីក៏មានដាំដំណាំផ្សេងៗទៀត ដូចជា ត្រសក់ សណ្ដែកកួរ ល្ពៅ ឃ្លោក ត្រឡាចជាដើមផងដែរ។
នៅក្នុងឱកាសនោះលោក ណុប ចំរើនអភិបាលក្រុងស្វាយរៀង បានថ្លែងអំណរគុណ កោតសរសើរចំពោះការខិតខំប្រឹងប្រែងប្រកបមុខរបរទាំងនេះ និងបានលើកទឹកចិត្ត ជំរុញឲ្យមានការដាំដុះដំណាំគ្រប់ប្រភេទ និងចិញ្ចឹមសត្វផងដែរ សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិតផងដែរ។
បន្ថែមលើសពីនេះលោកអភិបាលក្រុង បានណែនាំដល់លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ជួយរកដៃគូសម្រាប់ផ្គត់ផ្គង់ទីផ្សារលក់ចេញ និងជួយគាំទ្រផ្ដល់បច្ចេកទេសបន្ថែមទៀតជូនដល់ពួកគាត់។ លោកបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចូលរួមសហការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ លោកអភិបាលក្រុង ក៏បានផ្ដល់ជូននូវម៉ាស់ការពារចំនួន ៥ប្រអប់ផងដែរជូនដល់ពួកគាត់ទាំង៣គ្រួសារផង៕
ដោយ៖យឹម សុថាន