ព័ត៌មានទាន់ហេតុការណ៍៖

កូនភ្លោះទាំងបីរបស់តារាសម្តែង ជុំ ស៊ីថា ទទួល អំណោយពី សម្តេចតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

    ភ្នំពេញ៖ ភរិយាតារាសម្តែង ជុំ ស៊ីថា ដែលសម្រាលបានកូនភ្លោះបីនាក់កាលពីរាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នោះ ទទួលបាននូវអំណោយពីសម្តេច អគ្គមហាសេនាបតី  តេជោ  ហ៊ុន  សែន  និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។អំណោយនេះត្រូវបានប្រគល់  តាម រយៈ លោក សេង ទៀង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដោយអំណោយនេះត្រូវបានប្រគល់ជូនដល់ផ្ទះលោក ជុំ ស៊ីថា និងភរិយាតែម្តង។

លោក ជុំ ស៊ីថា បានគោរព ថ្លែង អំណរគុណ សម្តេចទាំងទ្វេដោយស្មោះអស់ពីដួងចិត្ត ពីលោកនិង ក្រុមគ្រួសារហើយលោកនិងកូនចៅទាំងអស់ពិតជាគោរពស្រឡាញ់និងគាំទ្រសម្តេចទាំងទ្វេ លោកបន្តថាក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១ជាឆ្នាំរុងរឿងរបស់កម្ពុជាក្រោមការដឹកនាំរបស់  សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្រ្តី ដ៏មានប្រជាប្រិយនិងជាទីគោរពស្រលាញ់បំផុតរបស់ប្រជាពលរដ្ឋខ្មែរ។ លោកសូមបួងសួងនិងគោរពជូនពរជ័យ សិរីមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្តេចទាំងទ្វេ សូមមានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាវាងវៃនិងអាយុយឺនយូរ ឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង ដើម្បីបន្តរក្សាសន្តិភាព និងដឹកនាំកសាងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនថ្កុំថ្កើនបន្ថែមទៀតជារៀងរហូត

គួរបញ្ជាក់ដែរថាកន្លងទៅសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកកូនភ្លោះ៣នៅកម្ពុជាគឺ ជាចៅសម្តេចថែមទៀតផង។ គ្រួសារកូនភ្លោះ៣នាក់ របស់លោកជុំស៊ីថា គឺជាកូនភ្លោះ៣លើជិត៧០គ្រួសារហើយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ កូនភ្លោះទាំងបីរបស់លោកគឺមានកូនទី១ភេទប្រុសកូនទី២ភេទស្រី និងកូនទី៣ភេទប្រុស ដែលគិតទាំងកូនភ្លោះទាំង៣នេះគឺអតីតតារាសម្តែងជុំស៊ីថា មានកូនសរុប៥នាក់។ លោកគឺជាសិល្បករដំបូងគេនៅកម្ពុជាដែលមានសំណាង មានកូនភ្លោះរហូតដល់ទៅ៣នាក់នោះ៕  

ដោយ៖ វឌ្ឍនា


ចែករំលែក៖