ភ្នំពេញ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) សហការ ជាមួយក្រសួងទេសចរណ៍ នឹងរៀបចំ ព្រឹត្តិការណ៍ កីឡា ប្រណាំង កង់ រត់ប្រណាំង និងប្រណាំង ម៉ូតូទឹក ដើម្បីជួយ ស្រោចស្រង់ និងផ្សព្វផ្សាយ ពី សក្តានុពល ទេសចរណ៍ ក្នុងខេត្តព្រះសីហនុ នាអំឡុង ខែកុម្ភៈខាងមុខនេះ។
អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានផ្តល់បទសម្ភាសន៍ជាមួយ អ្នកយកព័ត៌មាន របស់អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា តាមប្រព័ន្ធ Telegram ដោយបានបង្ហាញ ពីគម្រោង ក្នុងការរៀបចំ ព្រឹត្តិការណ៍ កីឡា ទេសចរណ៍ មួយចំនួន នៅខេត្តព្រះសីហនុ នាអំឡុង ខែកម្ភៈ ឆ្នាំ ២០២១ ។ គោលបំណង នៃការរៀបចំ ព្រឹត្តិការណ៍នេះ គឺដើម្បី ជួយផ្សព្វផ្សា ពីសក្តានុពល ទេសចរណ៍ និង ប្រតិបត្តិករ ទេសចរ ក្នុងខេត្តព្រះសីហនុ ដែលបាន រងផលប៉ះពាល់ ដោយសារ វិបត្តិ កូវីដ-១៩ ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា តាមការចង្អុលបង្ហាញ របស់លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ បានឲ្យគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ជាមួយ ក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាព នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ រៀបចំឲ្យមានព្រឹត្តិការណ៍ កីឡា ដើម្បីជួយដល់ សកម្មភាពប្រតិបត្តិករ ទេសចរណ៍ និង សេវាទេសចរណ៍ ឡើងវិញ ។ ក្រៅពី ផ្សព្វផ្សាយ ពីសក្តានុពល ទេសចរណ៍កោះ និងឆ្នេរខ្សាច់ ដ៏ស្រស់ស្អាត ជាងគេនៅកម្ពុជា ការបង្ហាញ សោភ័ណភាព ដ៏ស្រស់ស្អាត ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត ព្រះសីហនុ ក៏ស្ថិតក្នុង គោលបំណង នៃការរៀបចំ ព្រឹត្តិការណ៍ កីឡា ទេសចរណ៍នេះផងដែរ ។ គួររម្លឹកថា រាជរដ្ឋាភិបាល កម្ពុជា បានបញ្ចេញ ថវិកាប្រមាណ ២៩៤ លានដុល្លារ ដើម្បីសាងសង់ ផ្លូវចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ និងខេត្ត ព្រះសីហនុ ។ ផ្លូវទាំង៣៤ខ្សែនេះ បានបើក ការដ្ឋាន សាងសង់ កាលពីពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
សូមបញ្ចាក់ថា ប្រភេទ កីឡា ដែលគ្រោង រៀបចំ នៅខេត្ត ព្រះសីហនុ រួមមាន រត់ប្រណាំង ប្រណាំង កង់ និង ប្រណាំង ម៉ូតូទឹក ជាដើម ៕
ប្រភព៖ទទក