ព័ត៌មានទាន់ហេតុការណ៍៖

«​​ឱ​ភ្នំពេញ​អើយ​»​ចម្រៀងដែលនាំឲ្យអ្នកស្តាប់នឹកស្រណោះជីវិតប្រជាជនខ្មែរនារបបខ្មៅងងឹត

ចែករំលែក៖

ភ្នំពេញ​៖ ​អ្នកធ្លាប់ឆ្លងកាត់ជីវិតដ៏កម្សត់វេទនាក្នុងរបបខ្មែរក្រហមពិតជាទប់អារម្មណ៍មិនក្តុកក្តួលមិនបានឡើយក្រោយពីបានស្តាប់ បទ​ចម្រៀង «​ឱ​ភ្នំពេញ​អើយ​» បើទោះបីជាបទនេះបាន​ឆ្លុះបញ្ចាំងយ៉ាង​ច្បាស់​ពីតថភាពមួយជ្រុងតូចនៃការងើបផុតភ្លាមពីរបបដ៏ខ្មៅងងឹតនោះក៏ដោយ។

បើយោងតាមឯកសារមួយបានបង្ហាញថា បទ«ឱភ្នំពេញអើយ»ច្រៀងដោយអ្នកស្រី សូ ចន្នី ហើយថតនៅថ្ងៃទី៣ មករា១៩៧៩នៅខេត្តក្រចេះ ខណៈពេលចាក់ផ្សាយលើកដំបូងត្រូវបានធ្វើឡើងនៅថ្ងៃទី៧ មករា ១៩៧៩នោះតែម្តង។ បទនេះត្រូវបាននិពន្ធឡើងដោយលោក កែវ ចិន្តា អតីតអភិបាលក្រុងភ្នំពេញនាអំឡុងឆ្នាំ១៩៨២ដល់១៩៨៥ ។

បទនេះក៏បានឆ្លុះបញ្ចាំងពីការ​អាឡោះអាល័យសោកស្តាយអមដោយការរំភើបបែបស្រណោះស្រណោកពី​ការ​ជួបជុំ​ឡើង​វិញ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩ គេចាំបានថារាជធានី​ភ្នំពេញដែលគេធ្លាប់គេប្រដូចទៅនឹងនារីវ័យក្រមុំនិង ជា​បេះដូង​របស់​ប្រទេស​កម្ពុជា ​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ពិភពលោក​ផង​ដែរ មុន​ពេល​ដែល​វា​ត្រូវ​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម និង​របប​ប្រល័យពូជសាសន៍ និងបាន​ប្រែ​ក្លាយទៅជា​ទីក្រុង​ខ្មោច ដែល​គេ​បោះបង់​ចោល

បទចម្រៀងកម្សត់នេះក៏បានផ្តើមនៃជីវិតរស់រានជាថ្មីនៃវិស័យសិល្បៈវប្បធម៌ និងវិស័យដទៃទៀត និងមានបទចម្រៀងជាបន្តបន្ទាប់បានជួយបម្រើសោទិន្ទិយារម្មណ៍របស់ប្រជាជនខ្មែររហូតមកដល់បច្ចុប្បន្នដែលកំពុងលង់លក់ដោយពិភពសន្តិភាពនោះ៕  

ដោយ៖ វឌ្ឍនា


ចែករំលែក៖