ក្រុមបាតុករបានដណ្តើមគ្រប់គ្រងវិមានកាពីតូលដែលជាអគារដ្ឋសភាអាមេរិក។ កម្លាំងប៉ូលិសនៅខាងក្នុងរដ្ឋសភាបានដកកាំភ្លើងរារាំងក្រុមបាតុករ ចំណែកតំណាងរាស្ត្របាននាំគ្នារត់ភៀសខ្លួន ពេលក្រុមគាំទ្រលោកត្រាំព្យាយាមប្រែក្រឡាស់លទ្ធផលបោះឆ្នោត។ អ្វីដែលបានកើតឡើងនៅក្នុងរដ្ឋសភាអាមេរិក គឺជាប្រវត្តិសាស្ត្រក្នុងប្រទេសបិតាប្រជាធិបតេយ្យមិនធ្លាប់មាន ហើយបានធ្វើឲ្យពិភពលោកតក់ស្លុតយ៉ាងខ្លាំង។
តាមសារព័ត៌មាន AP បានផ្សាយថា ក្រុមបាតុករហិង្សាស្មោះជាមួយប្រធានាធិបតី ដូណាល់ ត្រាំ បានវាយប្រហាររដ្ឋសភា បំផ្លាញការបោះឆ្នោតអនុម័តឲ្យលោកបៃឌិនធ្វើជាប្រធានាធិបតី។ ភាពចលាចលបានធ្វើឲ្យកិច្ចប្រជុំសភា ដើម្បីទទួលស្គាល់លទ្ធផលបោះឆ្នោតត្រូវបានផ្អាក។
អនុប្រធានាធិបតី អាមេរិក លោកMike Pence ក៏ដូចជាតំណាងរាស្ត្រផ្សេងទៀត ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ នៅមុនអំពើហិង្សាកើតឡើង ប្រធានាធិបតីត្រាំបានជួបជាមួយក្រុមបាតុករនៅមុខសេតវិមាន ហើយលោកត្រាំបានអំពាវនាវដល់ក្រុមបាតុករឆ្ពោះទៅកាន់វិមានកាពីតូលវិញ។ ក្រោយពេលក្រុមបាតុករសម្រុកចូលទីតាំងរដ្ឋសភា រំខានដល់ការអនុម័តលទ្ធផលបោះឆ្នោត លោកត្រាំក៏បានអំពាវនាវដល់ក្រុមបាតុករឱ្យវិលត្រឡប់ទៅផ្ទះវិញក្នុងសន្តិភាព។ មន្ត្រីនៅសេតវិមានបានលើកឡើងថា ក្រុមបាតុករដណ្តើមគ្រប់គ្រងរដ្ឋសភា គឺជាមនុស្សពិសេស។
តំណាងរាស្ត្រអាមេរិក ខឹងសម្បាយ៉ាងខ្លាំងចំពោះអំពើហិង្សានៅក្នុងរដ្ឋសភានាថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ហើយតំណាងរាស្ត្រជាច្រើននឹងចោទប្រកាន់លោកត្រាំ ជាអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាទាំងនោះ។ សកម្មភាពខាងលើ បានធ្វើឲ្យកិត្តិយសរបស់អាមេរិកត្រូវបាត់បង់ក្នុងនាមជាប្រទេសបិតាប្រជាធិបតេយ្យនិងមហាអំណាចលើពិភពលោក។
អំពើហិង្សានោះបណ្តាលឲ្យបុគ្គលិកសន្តិសុខជាច្រើនរងរបួស ពេលប៉ះទង្គិចជាមួយក្រុមបាតុករ។ មានស្ត្រីម្នាក់ត្រូវគេបាញ់សម្លាប់ និងមនុស្សជាច្រើនទៀតត្រូវបានចាប់ខ្លួន។
តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋលោកBen Sasse បានលើកឡើងថា អំពើហិង្សាមិនអាចគេចផុតនោះឡើយ ខណៈដែលលោកត្រាំមិនព្រមចុះចាញ់ក្នុងការបោះឆ្នោត ។ លោកBen Sasse បន្តទៀតថា «នៅថ្ងៃនេះអគាររដ្ឋសភាអាមេរិក ដែលជាតំណាងនៃភាពអស្ចារ្យបំផុត ដែលជាស្ថាប័នមានឥទ្ធិពលបានរងការ វាយប្រហារពីក្រុមបាតុករ»។
តំណាងរាស្ត្រជាច្រើនមកពីគណបក្សសាធារណរដ្ឋបានបង្ហាញការមិនពេញចិត្តចំពោះអំពើហិង្សានៅក្នុងរដ្ឋសភា ហើយអ្នកនៅពីក្រោយអំពើហិង្សានេះនឹងត្រូវដាក់ទោសតាមផ្លូវច្បាប់។
ក្រុមអ្នកវិភាគបានលើកឡើងថា នៅពេលដែលស្ថានភាពស្ងប់ស្ងាត់ឡើងវិញ លោកត្រាំអាចនឹងត្រូវជាប់ចោទជាច្រើនករណី ។ ក្រុមអ្នកនយោបាយអាមេរិកបារម្ភខ្លាច រឿងសម្ងាត់របស់ប្រទេសមហាអំណាចត្រូវបែកធ្លាយ ដោយសារតែចរិតឆេវឆាវរបស់លោកត្រាំ៕
ដោយ៖ធី រីណា(រូបភាព៖AP)