ប្រធានសមាគម តំណាងឲ្យក្រុមហ៊ុន សហគ្រាសអាមេរិកចំនួន១៤០០០ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនធំៗ ដូចជាExxon Mobil, Pfizer និង Toyota…ជាដើម បានជំរុញឲ្យអ្នកនយោបាយអាមេរិក បញ្ចប់តំណែងប្រធានាធិបតីត្រាំ ឲ្យបានឆាប់បំផុត ដើម្បីបញ្ចប់ការអុកឡុកសង្គមអាមេរិក។ សកម្មភាពខាងលើកើតឡើងក្រោយពីមានបាតុកម្មហិង្សា បំផ្លាញកិច្ចប្រជុំសភាអាមេរិក។
ប្រធានសមាគមក្រុមហ៊ុនអាមេរិក លោក Jay Timmons មានប្រសាសន៍ថា លោក Trump បាន “ញុះញង់ឱ្យមានអំពើហិង្សាដើម្បីរក្សាអំណាច ហើយអ្នកនយោបាយណាមួយគាំទ្រលោកត្រាំ គឺជាការខុសច្បាប់ បំពានពាក្យសម្បថចំពោះរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យរបស់អាមេរិក។
លោកត្រាំ នៅសល់តែ១៤ថ្ងៃទៀតប៉ុណ្ណោះក្នុងតំណែងជាប្រធានាធិបតីអាមេរិក មុនពេលលោកបៃឌិន ឡើងកាន់អំណាចនៅថ្ងៃទី២០ខែមករា។ ប៉ុន្តែកិច្ចប្រជុំសភានៅថ្ងៃទី៦ខែមករា (ពេលវេលានៅអាមេរិក)ដើម្បីអនុម័តលទ្ធផលបោះឆ្នោតចុងក្រោយបំផុតត្រូវក្រុមបាតុករដែលលោកត្រាំនៅពីក្រោយសម្រុកចូលរំខានកិច្ចប្រជុំអនុម័ត ធ្វើឲ្យតំណាងរាស្ត្រត្រូវភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។
កម្លាំងទាហានជាតិ និងកម្លាំងប៉ូលិសបានបញ្ជូនទៅជួយដល់ក្រុមសន្តិសុខការពារវិមានកាពិីតូល ដើម្បីគ្រប់គ្រងស្ថានភាព រារាំងបាតុករអុកឡុករដ្ឋសភា។ កម្លាំងបាតុករបង្កអំពើហិង្សាតាមការអំពាវនាវរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ នៅក្នុងជំនួបជាមួយបាតុករនៅមុខសេតវិមាននាព្រឹកថ្ងៃទី៦ខែមករា លោកត្រាំបានស្នើដល់ក្រុមបាតុករនាំគ្នាទៅកាន់វិមានកាពីតូលពេលរដ្ឋសភាចាប់ផ្តើមកិច្ចប្រជុំ។ ពេលទៅដល់ក្រុមបាតុករក៏បានប៉ះទង្គិចជាមួយកម្លាំងប៉ូលិស។
បណ្តាក្រុមហ៊ុនអាមេរិកបានរងផលប៉ះពាល់យ៉ាងខ្លាំងក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។ ទាំងនោះហើយបានជាប្រធានសមាគមតំណាងឲ្យក្រុមហ៊ុនជាង១៤០០០ ក្រុមហ៊ុន ស្នើឲ្យដកលោកត្រាំ ពីតំណែងឲ្យបានឆាប់បំផុតចៀសវាងភាពចលាចលកើតឡើងកាន់តែខ្លាំង ៕
ដោយ៖ធី រីណា(រូបភាព៖Reuters)