ភ្នំពេញ៖ បុរសម្នាក់ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ខឹងចិត្តពេកបើកឡំប្រឺតាឡើងលើស្ពានជ្រោយចង្វា រួចហើយលោតទឹកសម្លាប់ខ្លួនដោយបន្សល់ទុកនូវស្បែកជើងមួយគូ និងឡំប្រឺតាមួយគ្រឿងនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីឈ្មោះ សំ ឧត្ដម ជាបងប្រុសបង្កើតរបស់បុរសដែលលោតទឹកសម្លាប់ខ្លួនបានឱ្យដឹងថា បុរសដែលលោតទឹកសម្លាប់ខ្លួននោះត្រូវជាប្អូនប្រុសបង្កើតរបស់គាត់មានឈ្មោះ សំ បញ្ញា អាយុ២៤ឆ្នាំ មុខរបររត់ឡំប្រឺតា ស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយប្រពន្ធ និងមានស្រុកកំណើតនៅភូមិព្រៃតាបេស ឃុំពោធិ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ប្រភពដដែលបានបន្តថា មុនកើតហេតុ ប្អូនប្រុសរបស់គាត់និងប្រពន្ធបានទៅផឹកស៊ីនៅផ្ទះរបស់គាត់ស្ថិតក្នុងសង្កាត់ព្រែកលៀប ដើម្បីពិភាក្សាគ្នារឿងធ្វើបុណ្យខួបគម្រប់៣ឆ្នាំឲ្យម្តាយនៅថ្ងៃទី៧ ខែមករា។ ពេលផឹកសុីស្រវឹង ស្រាប់តែប្អូនប្រុសគាត់បានឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយប្រពន្ធរបស់គេ ហើយប្អូនប្រុសគាត់ខឹងក៏ឡើងបើកឡំប្រឺតាចេញទៅបាត់ដោយមិនប្រាប់អ្នកណាឡើយ។ លុះមកដល់ម៉ោង៩យប់ក៏មានសមត្ថកិច្ចទាក់ទងទៅប្រពន្ធបុរសរងគ្រោះ ថាបុរសនោះបានលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុពួកគាត់បានឃើញបុរសរូបនេះបើកឡំប្រឺតា ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1HJ-8498 ឡើងលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ពាក់កណ្តាលស្ពានក៏ឈប់ឡំប្រឺតាអែបកៀន រួចក៏លោតចុះទៅទឹកទន្លេតែម្តង ដោយបន្សល់ទុកស្បែកជើងស៊កមួយគូនៅក្បែរបង្កាន់ដៃស្ពាន និងឡំប្រឺតា ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានយកឡំប្រឺតាទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលស្រះចក រង់ចាំសាច់ញាតិយកឯកសារមកដើម្បីប្រគល់ឲ្យវិញ។ ចំណែកប្រពន្ធបានជួលទូកគេស្វែងរកសពប្តីយកមកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ