ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៧ ខែមករា ឆ្នាំ២០២១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយលោក វង្ស ពិសេន សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារ អមដំណើរដោយលោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ខានស្រុកពារាំង លោកប្រធានគណបក្សស្រុក លោកប្រធានគណបក្សឃុំកំពង់ពពិល និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវខ្លោងទ្វារ និងរបងទីស្នាក់ការគណបក្សឃុំកំពង់ពពិល ដើម្បីចូលរួមអបអរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា និងសំណេះសំណាលជាមួយគណៈអចិន្ដ្រៃយ៍បក្សឃុំកំពង់ពពិល ប្រធានសាខាបក្សភូមិ។
ក្នុងឱកាសនោះ លោកប្រធានក៏បានលើកឡើងអំពីគុណបំណាច់របស់សម្តេចតេជោ ដែលហ៊ានលះបង់ និងយកអាយុជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេសឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាំមកនូវសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃ និងបានទប់ស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញសាជាថ្មីទៀត។ មានសុខសន្តិភាព រហូតមកដល់ថ្ងៃនេះ យើងត្រូវតែរួមគ្នាថែរក្សាឱ្យខាងតែបាន និងមិនត្រូវឱ្យបាត់បង់នោះឡើយទោះជាក្នុងតម្លៃណាក៏ដោយ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏បានក្រើនរំលឹកដល់ក្រុមការងារទាំងអស់ថា កូវីដ-១៩ នៅតែជាបញ្ហាក្តៅគគុក ដូច្នេះសូមឱ្យបងប្អូនចូលរួមទប់ស្កាត់ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងស្តាប់តាមប្រសាសន៍របស់សម្តេចតេជោ និងការណែនាំរបស់ក្រសួងសុខាភិបាល។
លោកប្រធានបានឧបត្ថម្ភដល់ស្នាក់ការគណបក្សឃុំកំពង់ពពិលនូវថវិកាចំនួន ១០,០០០,០០០៛ និងគណៈចាត់តាំងកម្មវិធី ៨០០,០០០៛ សរុបថវិកាទាំងអស់ ចំនួន១០,៨០០,០០០៛៕
ដោយ៖ សិលា