ព័ត៌មានទាន់ហេតុការណ៍៖

គណនី Facebook និង Twitter របស់លោកដូណាល់ ត្រាំ ត្រូវបិទរហូតដល់២៤ម៉ោង

ចែករំលែក៖

អន្តរជាតិ៖ បេីតាមការអះអាងពីក្រុមហ៊ុនបណ្ដាញសង្គម​Facebook បានប្រកាសថា ខ្លួនបានប្លុកគណនីរបស់លោក​ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ចំនួន២៤ម៉ោង ដោយសារតែបានល្មើសទៅនឹងច្បាប់ចំនួន២ ដោយក្នុងនោះ នៅលើបណ្ដាញសង្គម Instagram ក៏ប្លុកដូចគ្នាផងដែរ។

ជាក់ស្តែងចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Facebook នេះ ត្រូវបានធ្វើឡើងក្រោយពេលផ្ទុះការតវ៉ារបស់ក្រុមគាំទ្រលោកត្រាំ និងការបង្ហោះសារនយោបាយដែល ខុសពីច្បាប់ថ្មីដែលបានកំណត់ និងចេញដោយសភាអាមេរិក។​ នេះបេីយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១។

ជាមួយគ្នានេះ​ ក្រុមហ៊ុន Facebook បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបានរកឃើញថា ហ្វេសប៊ុករបស់លោកត្រាំ បានរំលោភលើគោលនយោបាយធំៗចំនួន២ ដែលនាំឱ្យយើងសម្រេចប្លុក ឬបិទគណនីរបស់លោកត្រាំរយៈពេល២៤ម៉ោង។ វាមានន័យថា លោកត្រាំ មិនអាចប្រើគណនីរបស់លោកបានទេនៅក្នុងរយៈពេល ២៤ម៉ោង»។

លេីសពីនេះបណ្ដាញសង្គម Instagram ដែលជាបុត្រសម្ព័ន្ធរបស់ Facebook ក៏បានប្លុក ឬបិទគណនីរបស់លោកត្រាំរយៈពេល ២៤ម៉ោងដូចគ្នា ខណៈដែលបណ្ដាញសង្គម Twitter ក៏បានបិទគណនីរបស់លោកត្រាំរយៈពេល ១២ម៉ោងផងដែរ បន្ទាប់ពីបានរំលោភលើគោលនយោបាយនៃច្បាប់របស់ Twitter ។

គួរបញ្ជាក់ថា​ ក្រុមហ៊ុន Facebook នៅមុននេះបន្តិច​ ក៏បានលុបចោលនូវវីដេអូដែលបង្ហោះនៅលើគណនីរបស់លោកត្រាំ ដោយវីដេអូនោះ បង្ហាញពីការតវ៉ា បះបោរ របស់ក្រុមបាតុករដែលគាំទ្រលោកត្រាំ ជាមួយនឹងពាក្យស្លោក «Go home» ៕

ដោយ៖ស​ តារា


ចែករំលែក៖