ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវចំនួន ២០គ្រួសារ ដែលជួបការលំបាកទទួលបានការឧបត្ថម្ភ របស់លោក ហ៊ុន ម៉ាណែត

ចែករំលែក៖

ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ បានជួបសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងស្រុកព្រៃកប្បាស ចំនួន២០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងបាននាំយកអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ជូនដល់អតីតយុទ្ធជនទាំង ២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវគ្រឿងឧបភោគបរិភោគ ០៧មុខ និងថវិកាចំនួន ៥ម៉ឺនរៀល ។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុកព្រៃកប្បាស ប្រធានកិត្តិយស.ស.អ.ក ស្រុក លោកអធិការស្រុក មេបញ្ជាការ កងរាជអាវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករង និងអាជ្ញាធរភូមិ/ឃុំ ផងដែរ។

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខចំពោះអតីតយុទ្ធជននៅគ្រប់ទីកន្លែង ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលមានការខ្វះខាត និងកំពុងតែត្រូវការជំនួយ ក្នុងដំណាក់កាលដែលពួកគាត់ជួបការលំបាក និងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺកូវីដ-១៩។ លោកឧត្តមសេនីយត្រី បានលើកឡើងថា ថ្ងៃនេះជាទិវាខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជំនះ ៧មករា ដែលនាំឲ្យប្រទេសជាតិមាន សុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ។លោកឧត្តមសេនីយ៍ត្រី បានណែនាំដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សារអនាម័យ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនចំពោះវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួននិងក្រុមគ្រួសារពីជំងឺដ៏កាចសាហាវនេះ៕

ដោយ៖សិលា


ចែករំលែក៖