អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្សចំនួន ០៤នាក់បានស្លាប់ នៅពេលក្រុមអ្នកគាំទ្រប្រធានាធិបតី ជិតអស់អាណត្តិនៅអាមេរិក លោក ដូណាល់ ត្រាំ បានចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ ការបោះឆ្នោតទទួលស្គាល់ជ័យជម្នះ របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន។ នេះបេីតាមការអះអាងពីប៉ូលីសអាមេរិក។
បើតាមទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១ បានចុះផ្សាយដោយដកស្រង់សម្តី លោក រ៉ូប៊ឺត ខុសធី (Robert Contee) មេបញ្ជាការប៉ូលីសនៃរដ្ឋធានីវ៉ាស៉ីនតោន បានប្រាប់សារព័ត៌មាននៅអាមេរិកថា៖ ក្នុងហេតុការណ៍ចលាចលខាងលើ កាលពីថ្ងៃពុធម្សិលមិញនេះ (ពេលវេលានៅអាមេរិក) ចំនួនអ្នកស្លាប់រួមមាន៖ ស្រ្តីម្នាក់ដែលត្រូវបានប៉ូលីសការពារវិមាន Capitol Hill បាញ់ចំ និង ០៣នាក់ផ្សេងទៀត បានបាត់បង់ជីវិតពេលសង្រ្គោះបន្ទាន់។
សូមជម្រាបថា ក្រុមបាតុករបានចូលកាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរ នៅរសៀលថ្ងៃពុធម្សិលមិញនេះអស់រយៈពេល រាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាចថ្ងៃដដែល។
គួរបញ្ជាក់ថា ប៉ូលីសអាមេរិក ក៏បានរកឃើញ គ្រាប់បែកច្នៃចំនួន ០២គ្រាប់ នៅក្បែរគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យ និងគណៈកម្មាធិការជាតិបក្សសាធារណរដ្ឋផងដែរ។ ចំណែកនៅក្នុងបរិវេណវិមាន Capitol Hill អាជ្ញាធរបានរកឃើញរថយន្តមួយគ្រឿង ដែលមានកាំភ្លើងវែងមួយដើម និងគ្រាប់បែកសាំងមួយចំនួន៕ដោយ៖ស តារា