ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណ:យុវជនរូបនោះទៅឆក់ត្រី ដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ខ្លួនឯង។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
មន្រ្តីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារខ្សែភ្លើងឆក់នោះ មានឈ្មោះ លី ហូវ អាយុ១៩ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មុនពេលកើតហេតុជនរងគ្រោះបានតចរន្តភ្លើងអគ្គិសនពីផ្ទះចម្ងាយជិត១០០ម៉ែត្រដើម្បីឆក់ត្រីនៅស្រះមួយតែម្នាក់ឯង។ក្រោយមកស្រាប់តែភ្លាត់ស្នៀតខុសបច្ចេកទេសបណ្តាលឲ្យចរន្តភ្លើងឆក់ខ្លួនឯងស្លាប់ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា យុវជនរូបនោះបានស្លាប់ដោយសារខ្សែភ្លើងឆក់ ពិតប្រាកដមែន ព្រោះលើខ្លួនសាកសព ពុំរកឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ៕
ដោយ ៖ ប្រាថ្នា