ព័ត៌មានទាន់ហេតុការណ៍៖

សូមមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់មុខងារ “People Nearby” របស់កម្មវិធី Telegram

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា , នៅក្នុងយុគសម័យបច្ចេកវិទ្យាបានធ្វើឱ្យការចែកចាយ ព័ត៌មានឬដែលគេហៅតាមភាសាអង់គ្លេសថាស៊ែរនោះ (Share) កាន់តែងាយស្រួលនិងឆាប់រហ័ស ប៉ុន្តែភាពងាយស្រួលនេះក៏បង្កឱ្យមានផលវិបាកផ្សេងៗទៀតដូចជាការចែកចាយព័ត៌មានមិនពិតដែលនាំឱ្យប៉ះពាល់ដល់សង្គម ឬការចែកចាយព័ត៌មាននិងទីតាំងផ្ទាល់ខ្លួនដែលអាចឱ្យជនខិលខូចយកព័ត៌មានទាំងនោះទៅប្រើប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សុវត្ថិភាពរបស់អ្នកប្រើប្រាស់ទៅវិញ។

ជាឧទាហរណ៍នៅពេលថ្មីៗនេះ អ្នកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យាលោក Ahmed Hassan បានបង្ហាញពីភាពគ្រោះថ្នាក់ក្នុងការប្រើប្រាស់មុខងារ “People Nearby” របស់កម្មវិធីទំនាក់ទំនងសង្គម Telegram ដែលអាចឱ្យជនខិលខូចដឹងពីទីតាំងពិតប្រាកដរបស់លោកអ្នកបាន។ លោកបានបញ្ជាក់ថា “ប្រសិនបើលោកអ្នកបើកប្រើមុខងារនេះ គឺវាដូចគ្នានឹងលោកអ្នកផ្សព្វផ្សាយអាសយដ្ឋានឬទីតាំងរបស់លោកអ្នកនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយអ្នកប្រើប្រាស់ភាគច្រើនពុំបានដឹងអំពីបញ្ហានេះទេ”។

សម្រាប់លោកអ្នកដែលពុំដែលស្គាល់ឬប្រើមុខងារ “People Nearby” នោះ មុខងារនេះគឺដើម្បីអាចឱ្យអ្នកប្រើប្រាស់ធ្វើការទំនាក់ទំនងជាមួយនឹងអ្នកប្រើប្រាស់ដទៃទៀតដែលនៅក្បែរខ្លួន ឬដើម្បីស្វែងរកការពិភាក្សាជាក្រុម ប៉ុន្តែដើម្បីសុវត្ថិភាពរបស់លោកអ្នកនាយកដ្ឋានសូមឱ្យលោកអ្នកគួរតែបិទការប្រើប្រាស់មុខងារនេះប្រសិនបើពុំមានការចាំបាច់។

គួររំលឹកផងដែរថានាយកដ្ឋានធ្លាប់បានធ្វើការណែនាំអ្នកប្រើប្រាស់រួចមកហើយ ឱ្យបិទមុខងារតាមដានទីតាំងជាមួយកម្មវិធីណាដែលពុំមានការចាំបាច់ក្នុងការបញ្ជាក់ទីតាំង។ ម្យ៉ាងវិញទៀតសម្រាប់លោកអ្នកដែលប្រើប្រាស់ទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 14 លោកអ្នកក៏អាចបិទមិនឱ្យកម្មវិធីដឹងពីទីតាំងពិតប្រាកដរបស់លោកអ្នកបាន (គ្រាន់តែដឹងទីតាំងប្រហាក់ប្រហែល) ដោយគ្រាន់តែចូលទៅក្នុង Settings ហើយជ្រើសយកកម្មវិធីណាមួយដែលលោកអ្នកចង់បិទវា៕

ដោយ៖សិលា


ចែករំលែក៖