ព័ត៌មានទាន់ហេតុការណ៍៖

ជំពាក់ថ្លៃទិញរថយន្តគេ៤ម៉ឺនដុល្លារដល់ថ្ងៃកំណត់ត្រូវសងមិនព្រមសងម្ចាស់រថយន្តប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ទិញរថយន្តគេក្នុងតម្លៃ៥ម៉ឺនដុល្លារ ដោយកក់១ម៉ឺនដុល្លារសិន នៅខ្វះ៤ម៉ឺនដុល្លារទៀត​ចាំសងដល់ថ្ងៃកំណត់ ហើយក៏យករថយន្តជិះទៅបាត់។ លុះដល់ថ្ងៃកំណត់ត្រូវសង បែរជាជននេះគេចវេះមិនព្រមសង ត្រូវម្ចាស់រថយន្តប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០២១។ ករណីរំលោភលើទំនុកចិត្តនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិចេតិយទ្រេត ឃុំ វិហារហ្លួង ស្រុកពញាឮខេត្តកណ្តាល។ 

     មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិ ខ្មែរ  មុខរបរលក់ដីឡូត៍ មានទីលំនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុក រមាសហែក ខេត្តស្វាយរៀង ។ចំណែកជនសង្ស័យឈ្មោះ ទេព ណាវុន ភេទប្រុស ឆ្នាំកំណើត១៩៨២ ជនជាតិ ខ្មែរ មុខរបរប្រធានក្រុមហ៊ុន ទេព ណាវុន (លក់ស្ករ.ស) មានទីលំនៅភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

     ប្រភពដដែលបន្តថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ ឈ្មោះ ហ៊ែល រ៉េត បានយករថយន្តរបស់ជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត ម៉ាក MG RX8 ពណ៌ស ផលិតឆ្នាំ២០១៩  ពាក់ស្លាកលេខភ្នំពេញ 2BG-6948 យកមកលក់ឲ្យជនសង្ស័យឈ្មោះ ទេព ណាវុន ក្នុងតម្លៃ៥០.០០០ដុល្លារសហរដ្ឋអាមេរិក។ បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នាហើយ ជនសង្ស័យឈ្មោះ ទេព ណាវុន បានប្រគល់ប្រាក់មកឲ្យជនរងគ្រោះចំនួន ១០.០០០ដុល្លារសិន ដោយសន្យាប្រគល់ប្រាក់គ្រប់ចំនួន៤០.០០០ដុល្លារទៀតនៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២០។ លុះមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃកំណត់ប្រគល់ប្រាក់គ្រប់ចំនួន ជនសង្ស័យមិនមានប្រាក់សង ហើយបានគេចវេះមិនព្រមចូលខ្លួនមកជួបដោះស្រាយជាមួយជនរងគ្រោះឡើយ ។រហូតមកដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ទេព ណាវុន បានចេញមូលប្បទានបត្រដែលកំណត់ សាច់ប្រាក់ចំនួន៤០.០០០ដុល្លារនៅធានាគារវឌ្ឍនៈចំកាត់(ABA) ឲ្យទៅឈ្មោះ ហ៊ែល រ៉េត ជាមិត្តភក្តិរបស់ជនរងគ្រោះដើម្បីបើកប្រាក់ពីធនាគារឲ្យទៅជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត(ម្ចាស់រថយន្ត) ប៉ុន្តែមូលប្បទានបត្រដែលជនសង្ស័យចេញឲ្យនោះគឺគ្មានសាច់ប្រាក់ទេ។ ចាប់ពីថ្ងៃនោះមកជនរងគ្រោះបានតេទូរស័ព្ទទៅជនសង្ស័យមិនលើកព្រមទាំងគេចវេះរហូត។ លុះមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើជនសង្ស័យឈ្មោះទេព ណាវុន អំពីរឿងហេតុខាងលើនេះតែម្តង។ 

    បន្ទាប់ពីកម្លាំងជំនាញទទួលបានពាក្យបណ្ដឹងខាងលើហើយ ក៏ធ្វើការកោះហៅជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីឃាត់ខ្លួនសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ស្អាងជ័យ


ចែករំលែក៖