ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រាជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន ២០៦គ្រួសារ មកពីឃុំចំនួន២ គឺឃុំស្រែអំពូម និងឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ឆ្លៀតក្នុងឱកាសនោះ អនុប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះលោកប្រធាន ក៏បានអំពាវនាវបន្ថែមទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អសម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលមានជីវជាតិ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ លើសពីនេះទៀតសូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ–១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវមួយ ដែលធ្វើឱ្យប្រជាជននៅលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភផងដែរ ដោយអនុវត្តតាមវិធីងាយៗទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រៅពីសំណេះសំណាលសួរសុខទុក្ខ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ក៏បានផ្ដល់ជូននូវសម្ភារៈមួយចំនួនដូចជា ៖អង្ករ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ផ្ទាំងផ្សព្វផ្សាយអំពីជំងឺកូវីដ–១៩ ចំនួន ១ផ្ទាំងតូច អាវយឺតចំនួន២៕ដោយ៖ស តារា