រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកបានប្រកាសឲ្យដឹងថា ក្រុមហ៊ុនប៊ូអុីងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋហើយនឹងត្រូវបង់ប្រាក់ពិន័យចំនួន ២,៥ ពាន់លានដុល្លារពីការកុហករដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក(FAA) ពាក់ព័ន្ធករណីធ្លាក់យន្តហោះដឹកអ្នកដំណើរពីរគ្រឿងប្រភេទ737 Max ។
តាមគេហទំព័រ CNBC ក្រុមហ៊ុនប៊ូអុីងត្រូវបង់ពិន័យជាទឹកប្រាក់២,៥ ពាន់លានដុល្លារ ក្នុងនោះមានទឹកប្រាក់ ២៤៣,៦ លានដុល្លារ ពិន័យពីបទឧក្រិដ្ឋ និង១,៧៧ពាន់លានដុល្លារសងដល់បណ្តាក្រុមហ៊ុនដែលទិញយន្តហោះ737 Max ។ ក្រៅពីនេះនៅមានទឹកប្រាក់ ៥០០លានដុល្លារសងដល់គ្រួសារជនរងគ្រោះក្នុងគ្រោះថ្នាក់ពីរលើកនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩។
ជាមួយនឹងការយល់ព្រមបង់ពិន័យ ក្រសួងយុត្តិធម៌អាមេរិកសម្រេចផ្អាករាល់ការស្រាវជ្រាវ អូសបន្លាយរយៈពេល២ឆ្នាំកន្លងមក និងបញ្ឈប់រាល់ការចោទប្រកាន់ទៅលើក្រុមហ៊ុននេះ។ កន្លងមកក្រុមរដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនប៊ូអុីងមានចេតនាកុហក អាមេរិក ពេលរារាំង FAA វាយតម្លៃពីកម្រិតសុវត្ថិភាពយន្តហោះប្រភេទ737 Max។
យន្តហោះប្រភេទ737 Max ត្រូវបានហាមប្រាមហោះហើរ តាំងពីខែមីនាឆ្នាំ២០១៩។ មកដល់ខែធ្នូឆ្នាំ២០២០ យន្តហោះប្រភេទ737 Max ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឡើងវិញ ហើយក្រុមហ៊ុនGol Airlines របស់ប្រទេសប្រេស៊ីលបានហោះហើរមុនគេ។ នៅក្នុងគ្រោះថ្នាក់កាលពីឆ្នាំ២០១៨និង២០១៩ បណ្តាលឲ្យមនុស្សស្លាប់សរុប ៣៤៦នាក់៕
ដោយ៖ធី រីណា(រូបភាព៖TL.)