ខេត្តកណ្តាល៖ មនុស្សប្រុសស្រី២នាក់ ជិះម៉ូតូធុនធំឌុបគ្នាបើកយ៉ាងលឿន (មិនពាក់មួកសុវត្ថិភាព) ដល់ផ្លូវកោងក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ទាំង២នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ នៅតាមផ្លូវលេខ២០៦ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកម៉ូតូឈ្មោះ នៅ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល និងនារីម្នាក់ជាអ្នករួមដំណើរមានឈ្មោះ ប៊ី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលមួយកន្លែងក្នុងក្រុងតាខ្មៅ (អ្នកទាំងពីរបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ) ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូធុនធំ១គ្រឿង ម៉ាក BMW ពណ៌ខ្មៅ គ្មានស្លាកលេខ (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) ដោយបើកតាមផ្លូវលេខ២០៦ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងមិនបន្ថយល្បឿនបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំង២នាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះមកធ្វើកំណត់ហេតុ និងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕