ព័ត៌មានទាន់ហេតុការណ៍៖

ពិធីក្រុងពាលីសាងសង់អគារការិយាល័យច្រកចេញចូលតែមួយស្រុកកំពង់រោទ៍ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ នៅសាលាស្រុកកំពង់រោទ៍មានរៀបចំពិធីក្រុងពាលីសាងសង់អគារការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកកំពង់រោទ៍ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនេះដែរមានលោក អភិបាលរងខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានស្រុកកំពង់រោទ៍ជាច្រើនរូបទៀត។

គូរបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រដ្ឋបាលខេត្តបានលើកគម្រោងសាងសង់អគារច្រកចេញចូលតែមួយនិងបំពាក់សម្ភារបរិក្ខារ ហើយអង្គភាពច្រកចេញចូលតែមួយដែលកំពុងដំណើរការសព្វថ្ងៃនេះមានសាលាខេត្ត និងមាននៅតាមបណ្តាក្រុង ស្រុកមួយចំនួនទៀតរួមមាន ក្រុងស្វាយរៀង ក្រុងបាវិត ស្រុកស្វាយជ្រំ ស្រុករមាសហែក និងកំពុងដំណើរការសាងសង់មានស្រុករំដួល និងកំពង់រោទ៍។

ចំពោះស្រុកដែលមិនទាន់មានអគារការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលស្រុកក៏បានរៀបចំការផ្តល់សេវារបៀបជាយន្តការច្រកចេញចូលតែមួយផងដែរ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។
ការផ្ដល់សេវារដ្ឋបាលតាមរយៈយន្ដការការិយាល័យច្រកចេញចូលតែមួយដែលបានអនុវត្តនាពេលកន្លងមក ទោះបីមានចំណុចខ្វះខាតមួយចំនួនក្តី ក៏ទទួលបានលទ្ធផលវិជ្ជមាន ព្រមទាំងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែរ ពិសេសបានទទួលនូវការពេញចិត្ត និងការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលជាអ្នកទទួល និងប្រើប្រាស់សេវានេះ៕ យឹម សុថាន


ចែករំលែក៖