ខេត្តបាត់ដំបង ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានចុះសួរសុខទុក្ខ និងនាំយកថវិការបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់នាយទាហានពីររូប របស់កងពលតូចថ្មើរជើងលេខ៥១ ដែលមានជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះ ក៏មានការចូលរួមដោយក្រុមការងារកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការកងពល ព្រមទាំងបាននាំយកថវិកាមិត្តរួមអាវុធមកជូន នាយទាហានទាំងពីររូបផងដែរ។
ឧត្តមសេនីយ៍ទោ សេង ធារិន បានផ្តាំផ្ញើការនឹករឭក និងការជូនពរជ័យពីសំណាក់ មេបញ្ជាការ កងទ័ពជើងគោក ដល់នាយទាហានទាំងពីររូប ដែលកំពុងសម្រាកព្យាបាលជំងឺនៅពេលនេះសូមឆាប់ជាសះស្បើយពីជំងឺ និងបានត្រឡប់ទៅបំពេញភារកិច្ចជូនអង្គភាពវិញ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយនាយ-ពលទាហាន ដែលបានបន្តនូវវប្បធម៌ ចែករំលែកជួយគ្នាទៅវិញទៅមក បង្ហាញនូវសាមគ្គីភាពរឹងមាំដែលជាកត្តាចាំបាច់ក្នុងជួរកងកម្លាំង។
នាយទាហានទាំងពីររូបគឺលោកវរសេនីយ៍ឯក ឌុក សាវ៉ាត មេបញ្ជាការរងកងពល និងលោកវរសេនីយ៍ត្រី ឈិន ឡុង មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១២ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងបងប្អូនរួមអាវុធទាំងអស់ ដែលបាន ចំណាយពេលវេលា និងទឹកចិត្ត ក៏ដូចជាឧបត្ថម្ភនូវថវិកា មកដល់ពួកគាត់នាពេលនេះ៕
ដោយ៖សិលា